(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ ដែលមានការកែប្រែមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញដែរនោះ បានឆ្លងផុតគណៈរដ្ឋមន្រ្តីហើយ នៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា នាពេលខាងមុខនេះ។
សេចក្តីព្រាងច្បាប់ទាំងនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
ចំពោះការសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ធ្វើឡើង ដើម្បីលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិតេយ្យជាតិ និងឯករាជ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ តាមគ្រប់រូបភាព ព្រមទាំងដើម្បីលើកស្ទួយការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ដោយឡែកចំពោះការកែប្រែមាត្រា១១៨ នៃរដ្ឋធម្មនុញ្ញវិញ ត្រូវបានលោក ផៃ ស៊ីផាន បញ្ជាក់ថា ដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា ក៏ដូចជាផ្អែកលើបទពិសោធន៍នៃការងារអភិបាលកិច្ចបណ្តាប្រទេសជឿនលឿន ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងឋានៈជាប្រមុខរដ្ឋរាជរដ្ឋាភិបាល។ ការធ្វើវិសោធនកម្មមាត្រា ១១៨ថ្មី នេះមិនត្រឹមតែអាចបន្ថយចំនួន សមាភាព រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការពង្រឹងការទទួលខុសត្រូវខ្ពស់របស់សមាជិក រាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា និងការបង្កើនប្រសិទ្ធភាព នៃការងាររបស់អង្គនីតិប្រតិបត្តិតាមរយៈការកែទម្រង់លើរចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃអង្គនីតិប្រតិបត្តិ នឹងអង្គមុខងារសាធារណៈផងដែរ។
សម្រាប់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌវិញ ត្រូវបានលោក ផៃ ស៊ីផាន បញ្ជាក់ថា ដើម្បីធានាលើកស្ទួយ និងការពារព្រះចេស្ដា និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ស្របតាម មាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងដោយមានសំណើពីក្រុមប្រឹក្សាធម្មនុញ្ញ អំពីប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវកំណត់ជា បទល្មើសព្រហ្មទណ្ឌ។
សេចក្តីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មឡើងវិញ ដើម្បីធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ និងសម្រេចអំពីករណី វិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយដែលវិវាទទាំងនេះ ត្រូវបានកំណត់ថា ជាសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
សម្រាប់សេចក្តីព្រាងច្បាប់ ស្តីពី «អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ» ត្រូវបានរៀបចំឡើង ដោយមានគោលបំណង លើកកម្ពស់សិទ្ធិទទួលបាន ផលិតផលឱសថ សម្រាប់សុខភាពសាធារណៈ តាមរយៈការផ្ដល់អាជ្ញាបណ្ណបញ្ជាឱ្យផលិត នាំចេញនិងនាំចូល នូវផលិតផលឱសថក្នុងកាលៈទេសៈ ប្រទេសជាតិមានអាសន្ន ឫកាលៈទេសៈបន្ទាន់ផ្សេងទៀត ឫប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈពានិជ្ជកម្ម ឫកាលៈទេសបន្ទាន់ផ្សេងទៀត ឫប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈពានិជ្ជកម្ម ឬស្ថានភាពសុខភាពសាធារណៈផ្សេងទៀតដែលកំណត់ ដោយក្រសួងសុខាភិបាល។ សេចក្ដីព្រៀងច្បាប់នេះ មានគោលដៅកំណត់លក្ខខណ្ឌ បែបបទនិងនីតិវិធីនៃការផ្ដល់ និងការអនុញ្ញាតអាជ្ញាបណ្ណ បញ្ជាសម្រាប់ សុខភាពសាធារណៈ និងមានវិសាលភាពពាក់ព័ន្ធនឹងផលិតផលឱសថ ដែលការពារដោយប្រកាសនីយបត្រតក្កកម្ម ក្នុងកាលៈទេសៈប្រទេសជាតិ មានភាពអាសន្ន ឫកាលៈទេសៈបន្ទាន់បំផុត។ សេចក្ដីព្រៀងច្បាប់ស្ដីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈនេះ ជាតម្រូវការចាំបាច់ សម្រាប់ប្រទេសកម្ពុជា និងផ្ដល់ផលប្រយោជន៍សម្រាប់បម្រើសេវាសាធារណៈនៅពេលមានអាសន្ន។
សេចក្តីព្រាងច្បាប់ទាំង៤នេះ ត្រូវអនុម័តរួចរាល់នៅវេលាម៉ោងជាង១១៖០០ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨៕