(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ក្រោយពីទទួលបានផែនការពីសាលារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួន នាំយកគ្រឿងចក្រ ទៅស្ដារប្រឡាយជាបណ្ដើរៗហើយ ដែលមានប្រវែងប្រហែលជិត៤០០ម៉ែត្រ និងមានមុខកាត់១២ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ដើម្បីឲ្យរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗខាងមុខនេះ ចាប់ពីចំណុចវិទ្យុស្ថោនប្រឡាយអូរវែង រហូតធ្លាក់ទៅដល់ព្រែកប្រឡាយបាក់ទូក ក្នុងការរំដោះទឹក បញ្ជៀសការលិចលង់ ក្នុងរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ។
លោក ប្រាជ្ញ សីហា បានថ្លែងថា ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមផែនការគ្រោងទុក របស់រដ្ឋបាលខណ្ឌឫស្សីកែវ ផ្ដោតសំខាន់លើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖
ទី១៖ ការស្តារប្រឡាយបាក់ទូក និងព្រែកប្រឡាយអូរវែង
ទី២៖ ការចុះពិនិត្យរឺហ្គែលូ និងការស្តារលូ ក្នុងសង្កាត់ទាំង៧
ទី៣៖ ការចុះល្បាតនៅពេលយប់តាមសង្កាត់ទាំង៧ ក្រោមការដឹកនាំដោយលោក ជា ពិសី និងក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង។
លោកបន្តថា ក្នុងការអនុវត្តចំពោះអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លើការរំដោះទឹក និងបញ្ជៀសការលិចលង់ដោយសារការកកស្ទះមួយចំនួន តាមប្រឡាយជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសដើម្បីបង្ការទប់ស្កាត់ និងថែរក្សាមិនឲ្យមានការបាត់បង់ដីចំណីប្រឡាយ ដោយសារការរំលោភបំពានផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកមានក្បាលដីព្រំប្រទល់ជាប់ប្រឡាយ ចាប់ពីចំណុចវិទ្យុស្ថោនប្រឡាយអូរវែង រហូតធ្លាក់ទៅដល់ព្រែកប្រឡាយបាក់ទូក ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹក បញ្ជៀសការលិចលង់ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មានទំហំដល់ទៅ៨០ម៉ែត្រឯណោះ បើរាប់គិតពីអ័កខាងលិច៤០ម៉ែត្រ និងអ័កខាងកើត៤០ម៉ែត្រ អាជ្ញាធរតម្រូវឲ្យអ្នកមានក្បាលដី និងអ្នកសាងសង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនផ្សេងៗ ដែលរំលោភ លើដីចំណីប្រឡាយ ចាំបាច់ត្រូវតែរុះរើចេញ ដោយខ្លួនឯង ចៀសវាងការប្រើវិធានក្ដៅ ក្នុងការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាមិនឲ្យមានការបាត់បង់៕