(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស មន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់ ពាក់ព័ន្ធករណី ដកកាំភ្លើងដេញបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីដើមឆ្នាំ២០១៧។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ពីបទ «បង្កឱ្យមានរបួសដោយអចេតនា» ទៅវិញដោយបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរប៉ុស្តិ៍នគរបាល សង្កាត់សំរោង ផ្លូវ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ នាព្រឹកនេះ លោកចៅក្រម និងតំណាងអយ្យការ បានបើកសវនាការ ដោយគ្មានវត្តមានជនជាប់ចោទនោះទេ ពោលគឺមានតែមេធាវី ការពារសិទ្ធិមកជាតំណាងតែប៉ុណ្ណោះ។
បន្ថែមលើនេះលោកចៅក្រម និងលោកស្រី តំណាងអយ្យការ បានសួរជនរងគ្រោះថា «ខ្លួនមិនមានរងរបួសអ្វីផង ហេតុអ្វីក៏ប្តឹងជនជាប់ចោទ»?។
ជនរងគ្រោះបានឆ្លើយថា ខ្លួនគ្មានរងរបួសមែន ហើយខ្លួនក៏មិនបានប្តឹងជនជាប់ចោទ ពីបទ បង្ករបួសស្នាមដែរ តែខ្លួនប្តឹងពីបទ ប៉ុនប៉ងមនុស្សឃាត ព្រោះអង្គហេតុដែលកើតឡើង គឺជនជាប់ចោទ បានដកកាំភ្លើងដេញបាញ់ខ្លួន សម្លាប់ចោល តែបាញ់មិនត្រូវ និងសម្លាប់ មិនបានដោយសារមាននគរបាល និងប្រជាជនជួយចាប់ជនជាប់ចោទ រហូតដល់ត្រូវរបួសមន្ត្រីនគរបាលម្នាក់ថែមទៀតផង។
ជនរងគ្រោះបន្ថែមថា ដូច្នេះ សូមលោកចៅក្រម និងលោកស្រី តំណាងអយ្យការ ពិនិត្យមើលអង្គហេតុ ឱ្យបានច្បាស់លាស់ មុនពេលសម្រេចសេចក្តី។ ជនរងគ្រោះ ឈ្មោះ ញឹម សុគា បានបញ្ជាក់ថា នៅថ្ងៃកើតហេតុខ្លួនបានជិះឡានម៉ាកបាឡែនទៅមើលស្រះត្រី ក្បែរកន្លែងកើតហេតុ។ ក្រោយមក ខ្លួនបានចូលទៅមលគោនៅជាប់ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោងពេលនោះ មានឈ្មោះ រ៉ា ភារុណ ជានគរបាលប៉ុស្តិ៍សសង្កាត់សំរោង បានហៅទៅផឹកនៅក្នុងប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង។ ពេលខ្លួនចូលទៅផឹកក៏ជួបជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ដែលជាមនុស្សធ្លាប់មានទំនាស់កាលពីមុន ក្នុងងរឿងទិញលក់ត្រី។
ក្រោយពីខ្លួនបាន ផឹកអស់ស្រាបៀរក្រោន អស់មួយកំប៉ុង ខ្លួនសុំទៅផ្ទះមុន ស្រាប់តែជនជាប់ចោទ បាននិយាយឌឺដងថា គេមិនចង់ផឹកជាមួយយើងទេ ព្រោះយើងអ្នកក្រ ខ្លួនក៏តបវិញ ខ្ញុំមិនមែនជាអ្នកមានអីទេ តែខ្លួនជាប់រវល់ ចឹងហើយសុំទៅផ្ទះមុន។ ពេលនោះជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ បានខឹង និងយកកែវស្រា និងកូនចានចង្គឹះ គប់សំដៅលើខ្លួន ប៉ុន្តែខ្លួនគេចផុត។
ដោយជនជាប់ចោទ ខឹងខ្លាំងពេកក៏ស្រែកគំរាមបាញ់សម្លាប់ ជនរងគ្រោះ ទើបជនរងគ្រោះបានចាកចេញពីកន្លែងកើតហេតុ ពេលនោះជនជាប់ចោទបាន ជិះឡាន ម៉ាក ព្រូស ពណ៌ស ទៅតាមបាញ់សម្លាប់ជនរងគ្រោះ ប៉ុន្តែត្រូវសមត្ថកិច្ច និងប្រជាជនជួយចាប់ ទើបជនជាប់ចោទ បានបាញ់ ជនរងគ្រោះ ចំនួន ៤គ្រាប់ មិនត្រូវ ប៉ុន្តែត្រូវចំកំភួនជើង នគរបាលប៉ុស្តិ៍សង្កាត់សំរោងម្នាក់ឈ្មោះ ទឹម វណ្ណថេត ដួលនៅនឹងកន្លែង នៅពេលចូលទៅឃាត់ជនជាប់ចោទកុំឱ្យបាញ់។
ក្រោយកើតហេតុជនរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះ ទើបខ្លួនបានសម្រេចចិត្តដាក់ពាក្យប្តឹង ជនជាប់ចោទ ពីបទ ប៉ុនប៉ងឃាតកម្ម នៅតុលាការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យជួយរកយុត្តិធម៌។
ដោយឡែកលោក លឹម សំអឿន ជាមេធាវីការពារសិទ្ធិឱ្យជនរងគ្រោះ បានសំណូមពរឱ្យតុលាការ ពិចារណា កែប្រែបទ ចោទលើជនជាប់ចោទពីបទ បង្កឱ្យមានរបួសស្នាមដោយអចេតនា ទៅជាបទ ប៉ុនប៉ងឃាតកម្ម វិញព្រោះរឿងនេះ ជនជាប់ចោទ មានចេតនា បាញ់សម្លាញ់កូនក្តីរបស់លោក ប៉ុន្តែបាញ់សម្លាប់មិនបាន ដោយសារមាន សមត្ថកិច្ច និងប្រជាជនជួយចាប់។
លោកមេធាវី ក៏បានសំណូមពរឱ្យតុលាការចេញដីកា ចាប់ខ្លួនជនជាប់ចោទយកទៅដាក់ពន្ធនាគារ ឱ្យសមនឹងអំពើដែលរូបគេបានប្រព្រឹត្ត។
ទោះយ៉ាងណា សំណុំរឿងនេះត្រូវលោក កោ វណ្ឌី លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ៕