(សៀមរាប)៖ វិទ្យាស្ថានធនាគារិកឆ្នើមប្រចាំអាស៊ី (Asia Institution of Chartered Bank ) នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ បានសហការគ្នាជាមួយធនាគារជាតិនៃកម្ពុជា ប្រគល់សញ្ញាបត្រកិត្តិយស Honorary Fellowship ជូនដល់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូ ជាបេក្ខជនដំបូងគេបង្អស់ ដែលវិទ្យាស្ថានធនាគារិកឆ្នើមប្រចាំអាស៊ី បានប្រគល់ជូននូវសញ្ញាបត្រកិត្តិយសធនាគារិកឆ្នើមនេះ។
កត្តាដែលបណ្ដាលឲ្យលោក ជា ចាន់តូ ទទួលបានសញ្ញាបត្រនេះ ដោយសារតែលោកជាបុគ្គលម្នាក់ ដែលមានទស្សនៈវិស័យវែងឆ្ងាយ មានស្នាដៃដឹកនាំល្អប្រសើរ និងមានការលះបង់ខ្ពស់ ក្នុងការរួមចមណែកអភិវឌ្ឍវិស័យធនាគារកម្ពុជា ឲ្យកាន់តែរីកចម្រើនរហូតដល់បច្ចុប្បន្ន។
សញ្ញាបត្រកិត្តិយសនេះ ត្រូវបានប្រគល់ជូនផ្ទាល់ដៃពីសំណាក់លោក Azman Hashim ប្រធានវិទ្យាស្ថានធនាគារិកឆ្នើមប្រចាំអាស៊ី និងមានការចូលរួម ធ្វើសាក្សីពីសំណាក់លោក Muhammad bin lbrahim ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី។
សញ្ញាបត្រកិត្តិយសនេះ ធនាគារិកឆ្នើមនេះ ត្រូវបានប្រគល់ជូនបុគ្គល ដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្ដរជាតិអំពីស្នាដៃដឹកនាំល្អ និងការរួមចំណែកដល់ការអភិវឌ្ឍន៍នៃវិស័យធនាគារ។
នាឱកាសប្រគល់សញ្ញាបត្រនេះ លោក Azman Hashim បានថ្លែងកោតសសើរអំពីភាពជាអ្នកដឹកនាំ ប្រកបដោយទស្សនៈវែងឆ្ងាយរបស់លោក ជា ចាន់តូ ដែលបានធ្វើឲ្យវិស័យធនាគារ ក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំ។ ស្ថិតក្រោមការដឹកនាំប្រកបដោយសញ្ញាញាណ និងគំនិតច្នៃប្រឌិតខ្ពស់របស់លោក ជា ចាន់តូ ក្នុងនាមជាទេសាភិបាលធនាគារជាតិនៃកម្ពុជា កំណែទម្រង់ជាច្រើនក្នុងវិស័យធនាគារត្រូវរៀបចំឡើង ដែលបានធ្វើឲ្យវិស័យធនាគារកម្ពុជា រីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស និងមានសមាហរណកម្មកាន់តែខ្ពស់ក្នុងតំបន់ និងអន្ដរជាតិ។
លោក ជា ចាន់តូ បានលើកឡើងថា ការទទួលបានសញ្ញាបត្រនេះជាការបង្ហាញ ពីការរួមចំណែកខិតខំប្រឹងប្រែងបំពេញកិច្ចការងារដ៏សកម្មកន្លងមក របស់មន្រ្ដី-បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជាទាំងអស់។ វិស័យធនាគារកម្ពុជា បានរីកចម្រើនលូតលាស់ យ៉ាងឆាប់រហ័សចាប់តាំងពីបានបង្កើតឡើវិញក្នុងឆ្នាំ១៩៧៩។
លោកបានបញ្ជាក់ទៀតថា វិស័យធនាគារជាតិនៃកម្ពុជា នៅតែបន្ដផ្ដោតលើការពង្រឹងវិស័យធនាគារ កសាងធនធានមនុស្ស ដែលប្រកបដោយទេសកោសល្យ និងលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ទន្ទឹមនឹងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការប្រគល់សញ្ញាបត្រកិត្តិយសនេះ បានរួមចំណែករឹតចំណងកិច្ចសហប្រតិបត្តិការ រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជាឲ្យកាន់តែមានភាពស្និតស្នាលថែមមួយកម្រិតទៀត។
ទន្ទឹមនោះ ការប្រគល់សញ្ញាបត្រកិត្តិយសនេះ បានផ្ដល់ឱកាសដល់ភាគីទាំងពីរ ដើម្បីពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើ ការអភិវឌ្ឍវិជ្ជាជីវៈ ក្នុងវស័យធនាគារ ដែលជាកត្តាចាំបាច់ក្នុងការជំរុញ ឲ្យវិស័យនេះបន្ដទទួលបានការរីកចម្រើនប្រកបដោយចីរភាព៕