(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចូលរួមអបអរសាទរ ដល់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលទទួលបានសញ្ញាបត្រកិត្តិយស Honorary Fellowship ពីវិទ្យាស្ថាន Asia Institution of Chartered Bank (AICB) របស់ប្រទេសម៉ាឡេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃនេះ។
ក្នុងលិខិតរបស់ អ្នកឧកញ៉ា ពុង ឃាវសែ ផ្ញើជូនលោក ជា ចាន់តូ បានសរសេរថា «តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារកាណាឌីយ៉ា ក.អ យើងខ្ញុំសូមសម្ដែងនូវអំណរសាទរ ប្រកបដោយមនោសព្ចោតនាដ៏ជ្រាលជ្រៅ ជូនចំពោះ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលឯកឧត្ដម ត្រូវបានក្រុមប្រឹក្សាវិទ្យាស្ថាន Asia Institution of Chartered Bank (AICB) របស់ប្រទេសម៉ាឡេស៊ី ផ្ដល់ជូននូវសញ្ញាបត្រកិត្ដិយស «Honorary Fellowship» នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨»។
អ្នកឧកញ៉ា បានបន្ដថា «ក្នុងឱកាសដ៏ថ្លៃថ្លាឧត្ដុងឧត្ដមនេះ យើងខ្ញុំសូមថ្លែងនូវមនោសញ្ចេតនាគោរពកោតសរសើរ ដ៏ស្មោះស្ម័ត្រចំពោះ ឯកឧត្ដមទេសាភិបាល ក្នុងការដឹកនាំ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឲ្យមានការរីកចម្រើនឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយដែលស្នាដៃ និងសមិទ្ធផលខាងលើនេះ ត្រូវបានទទួល ស្គាល់ និងវាយតម្លៃខ្ពស់ ពីក្រុមប្រឹក្សាវិទ្យាស្ថាន Asia Institution of Chartered Bank (AICB) និងបានសម្រេចប្រគល់ជូននូវសញ្ញាបត្រ «Honorary Fellowship» ប្រកបដោយកិត្ដិយសនេះ»។
ខាងក្រោមនេះ ជាសារលិខិតអបអរសាទរ របស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ ជូនចំពោះ លោក ជា ចាន់តូ៖