(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានចាត់ឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខ និងបាននាំយកបច្ច័យចូលបុណ្យមួយចំនួនដល់គ្រួសារសពទាំង ៣រូប ដែល បានទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះអាវុធ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបង្កឡើងដោយជនល្មើសប្រដាប់អាវុធ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់ យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា មន្ត្រីកងរាជអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS ទាំង ៣រូប បានទទួលមរណភាពនៅក្នុងឧបទ្ទវហេតុនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនឹងក្រុមគ្រួសារនៃសពហើយសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ការនាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យសពនេះ ជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា ក្តោមការដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននិងកំពុងខិតខំយកចិត្តទុកដាក់ គិតគូរ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ។
មរណភាពរបស់ជនរងគ្រោះទាំង ៣រូប គឺមិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាចំពោះ ភរិយា និងកូនៗប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ធនធានមនុស្សដែលពោរពេញដោយស្នាដៃបានបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ ។
សូមបញ្ជាក់ថា សពជនរងគ្រោះទាំង ៣រូប បានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនារៀងៗខ្លួន ក្នុងនោះរួមមាន ៖
១- សពលោក សេក វឌ្ឍនា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស តម្កល់ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា នៅវត្តសន្សំកុសលក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- សពលោក តើន សុខណៃ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តម្កល់ធ្វើបុណ្យតាមបែបគ្រីស្ទសាសនា នៅគេហដ្ឋានស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
៣ - សពលោក ថុល ខ្នា បុគ្គលិកនៃអង្គការសមាគមអភិរក្សសត្វព្រៃ តម្កល់ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនានៅគេហដ្ឋានស្ថិតនៅ ភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ៕