(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរសាលាបឋមសិក្សាកូលាបទី១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានរលត់វិញហើយនៅវេលាម៉ោងជិត១២ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយបំផ្លាញផ្ទះប្រមាណ៥០ភាគរយ។
លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់ អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង តែមូលហេតុនោះនៅមិនទាន់នៅឡើយទេ កំពុងស្រាវជ្រាវបន្ត។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅជិតសាលាបឋមសិក្សាកូលាបទី១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ភ្លាមៗនោះគេសង្កេតឃើញអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានដឹកកម្លាំងចុះទៅជួយអន្តរាគមន៍ផងដែរ៕