(ភ្នំពេញ)៖ នៅវេម៉ោងជាង១១៖២០នាទីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈរដ្ឋមន្រ្តីកម្ពុជា អនុម័តទាំងស្រុងដោយគ្មានការកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលធ្វើវិសោធនកម្មថ្មីចំនួន៥មាត្រា។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានរៀបចំធ្វើវិសោធនកម្មឡើងវិញ ចំនួន៥មាត្រា ក្នុងនោះមាន ដែលធ្វើវិសោធនកម្មថ្មីចំនួន៥មាត្រា ក្នុងនោះមានមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ ផងដែរ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការរៀបចំធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយដែលវិវាទទាំងនេះត្រូវបានកំណត់ថាជាសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
លោកបានបន្តថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានធ្វើវិសោធនកម្មជាច្រើនលើក ដែលនាំឱ្យសម្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានការប្រែប្រួលខ្លះៗទៅតាមការកំណត់របស់ច្បាប់នេះ ដែលទាមទារឲ្យមានការធ្វើវិសោធនកម្មទៅលើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ឆ្លើយតបនឹងបរិការណ៍ខាងលើ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានអនុម័ត និងប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧។
លោក ផៃ ស៊ីផាន បានបន្តទៀតថា បន្ថែមជំពូកទី១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០២ ចុះថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៥ បានជំរុញឱ្យរដ្ឋសភា និងព្រឹទ្ធសភាអនុម័តច្បាប់ថ្មីៗពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សមត្ថកិច្ច របស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការពិនិត្យ និងសម្រចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានការពាក់ព័ន្ធជាមួយនឹងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបទបញ្ញត្តិនៃច្បាប់នេះ បានពន្លាតសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការពិនិត្យ និងសម្រេចទៅលើបណ្ដឹងរបស់បុគ្គល ដែលទទួលរងឥទ្ធិពលពីសេចក្ដីសម្រេចអំពីទណ្ឌកម្មដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ម៉្យាងទៀត ដោយយោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជកក្រមលេខ នស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញលែងមានសម្ថកិច្ចសម្រេចលើបណ្ដឹងរបស់គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃបដិសេធមិនព្រមចុះបញ្ជីគណបក្សនយោបាយទៀតហើយ៕