(ភ្នំពេញ)៖ បន្ទាប់ពីបានចុះពិនិត្យ និងស្រាវជ្រាវរួចមួយរយៈមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចមួយថា ខ្លួនមិនពិនិត្យដោះស្រាយករណីបណ្តឹងតវ៉ាទាមទារដី របស់ប្រជាពលរដ្ឋចំនួន ២៩២ គ្រួសារ ស្ថិតនៅឃុំបឹងខ្យាង ឃុំជើងកើប និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល
លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យ និងស្រាវជ្រាវរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតឆ្លើយតបថា មិនពិនិត្យដោះស្រាយករណីបណ្តឹងតវ៉ាទាមទារដី របស់ប្រជាពលរដ្ឋចំនួន២៩២គ្រួសារ ស្ថិតនៅឃុំបឹងខ្យាង ឃុំជើងកើប និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានជូនដំណឹងដល់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ជៀសវាងបញ្ជាក់លើលិខិតស្នាម ឬធ្វើចរន្តការផ្ទេរសិទ្ធិលើទីតាំងដីពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ទាំង២៩២គ្រួសារនេះ។
គួររំលឹកផងដែរថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ សាលាខេត្តកណ្តាល បានច្រានចោលបណ្តឹងតវ៉ាទាមទារដីរបស់ប្រជាពលរដ្ឋ ទាំង២៩២គ្រួសារខាងលើ ក្រោយពីបានពិនិត្យឃើញថា ការកាន់កាប់របស់ប្រជាពលរដ្ឋកន្លងមកខុសច្បាប់ គ្មានអាជ្ញាធរដែនដីទទួលស្គាល់ ហើយកាន់កាប់ជាន់លើដីរបស់ក្រុមហ៊ុន និងដីរបស់បុគ្គលមួយចំនួនដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរួច និងជាដីជាប់ពាក់ព័ន្ធនឹងសាលដីកាស្ថាពរលេខ ១៦១ «ឆ» ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៤ របស់តុលាការកំពូល។ សាលាខេត្តកណ្តាល បានបញ្ជាក់ថា ពុំមានសមត្ថកិច្ចអនុវត្តផ្ទុយទៅនឹងសាលដីកាលេខ ១៦១ "ឆ" របស់តុលាការកំពូលឡើយ។
កាលពីឆ្នាំ ២០០៦ ប្រជាពលរដ្ឋទាំង២៩២គ្រួសារ បានធ្វើការតវ៉ាទាមទារដីស្ថិតនៅឃុំបឹងខ្យាង ឃុំជើងកើប និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយត្រូវបានតុលាការដំបូងខេត្ត កណ្តាលសម្រេចតាមសាលក្រមលេខ ៤០ «វ» ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០០៦ និងលេខ ១២ «វ» ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៧។ នៅឆ្នាំ ២០០៨ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានដឹកនាំចុះអនុវត្ត និងវាស់វែងដីដែលទាមទារដោយប្រជាពលរដ្ឋ ២៩២ គ្រួសារពាក់ព័ន្ធនឹងសាលក្រមទាំង ២ខាងលើ និងបានចេញដីកាសម្រេច ដោយបញ្ជាក់ថា ដីដែលប្រជាពលរដ្ឋតវ៉ានេះ ជាន់លើដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន និងអ្នកដទៃ ពុំមានដីទំនេរ និងជាការកាន់កាប់ខុសច្បាប់គ្មានអាជ្ញាធរទទួលស្គាល់ឡើយ។
សូមបញ្ជាក់ថា ការបញ្ជាក់របស់ ក្រសួងរៀបចំដែនដី នាពេលនេះ បានធ្វើឡើង ប្រជាពលរដ្ឋទាំង២៩២គ្រួសារ ដែលរស់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទាមទាររកដំណោះស្រាយជូន ពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីពួកគេបានដាក់របាយការណ៍ និងឯកសារពាក់ព័ន្ធជូនដល់ក្រសួង កាលពីពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធជម្លោះដីជាមួយក្រុមហ៊ុនមីនញូ៕