(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សាលាឧទ្ឋរណ៍ បានបើកសន្និបាតលើកទី៤ បូកសរុបការងារឆ្នាំ២០១៧ និងដាក់ទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងមានការចូលពីលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ព្រមទាំងមន្ត្រីអ្នកច្បាប់ជាច្រើននាក់ផ្សេងទៀត។
លោក យូ ប៊ុនឡេង បានលើកថា នេះជាលើកទី៤ហើយ ដែលសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ គោរពតាមមាត្រា៥៤ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ដែលបានតម្រូវឲ្យប្រារព្ធសន្និបាតបូកសរុបការងារប្រចាំឆ្នាំកន្លងទៅ និងដាក់ទិសដៅការងារអនុវត្តសម្រាប់ឆ្បាំបន្ទាប់ ដោយមានរបាយការណ៍ជាលទ្ធផល នៃការធ្វើសន្និបាតនេះ។
លោកប្រធានសាលាឧទ្ឋរណ៍ បានបញ្ជាក់ថា យោងតាមសុន្ទរកថាស្វាគមន៍របស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ឋរណ៍ និងតាមរបាយការណ៍ការងារលទ្ឋផលប្រចាំឆ្នាំ បានបង្ហាញថា មានលទ្ឋផលល្អលើសឆ្នាំចាស់ ។
លោកប្រធានសាលាឧទ្ធរណ៍បញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបាននេះ កើតចេញពីការយកចិត្តទុកដាក់បំពេញភារកិច្ចរៀងៗខ្លួនរបស់មន្ត្រីគ្រប់ផ្នែក ដោយគោរពតាមគោលការណ៍យុត្តិធម៌ និងច្បាប់ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំស្ថាប័នទាំង២ ដែលតម្រូវឲ្យមន្ត្រីយកចិត្តទុកដាក់អនុវត្តតាមនយោបាយយុត្តិធម៌ដែលកំណត់ថា ការផ្តល់សេវាយុត្តិធម៌ ត្រូវប្រកបដោយសមភាព តម្លាភាព យុត្តិធម៌ និងឆាប់រហ័ស គ្មានសេវាក្រៅច្បាប់។
លោក យូ ប៊ុនឡេង បានថ្លែងទៀតថា «ទោះបីលទ្ឋផលបានល្អប្រសើរជាងឆ្នាំចាស់ក៏ដោយ ក៏លទ្ឋផលនេះ មិនសម្រេចបានតាមការគ្រោងទុកឡើយ។ ជាមួយគ្នានេះ មន្ត្រីប្រតិបត្តិច្បាប់ទាំងឡាយ គួរគប្បីលុបបំបាត់ជំងឺតួឯកនិយម ហើយដាក់ចិត្តគំនិត ខិតខំសិក្សាស្រាវជ្រាវ បង្កើនសមត្ថភាពយល់ដឹងអំពីទ្រឹស្តី និងការប្រតិបត្តិ ជាពិសេស គឺសីលធម៌ស្អាតស្អំ ដែលសង្គមត្រូវការ ស្របតាមនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។ សូមសមាជិក សមាជិកា នៃអង្គសន្និបាតពិចារណា និងអនុវត្តអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល គឺ «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» ទៅតាមមុខងារ និងភារកិច្ចរបស់ខ្លួនឲ្យបានសមរម្យ៕