(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០២ ខែកុមៈ ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចេញដំណើរពីមាតុភូមិកម្ពុជាឆ្ពោះទៅរដ្ឋអាសាម សាធារណរដ្ឋឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលវិនិយោគិនសាកល និងកិច្ចប្រជុំស្តីពីចំណងសេដ្ឋកិច្ចឦសានជាមួយអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០១៨ លើទឹកដីរដ្ឋភាគឦសានប្រទេសឥណ្ឌាមួយនេះតែម្ដង។
ការអញ្ជើញទៅចូលរួមកិច្ចប្រជុំធំៗទាំងពីរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក Sarbananda Sonowal អភិបាលរដ្ឋអាសាម និងបន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ណារិនត្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់នានាមកពីក្នុងតំបន់ និងជុំវិញពិភពលោក។
សូមជម្រាបថា រដ្ឋអាសាមមានប្រជាជនជាង ៣១លាននាក់ និងមានវិស័យសំខាន់ៗជាយុទ្ធសាស្រ្ត៖ វិស័យកសិកម្ម និងការកែច្នៃម្ហូបអាហារ បច្ចេកវិទ្យា ការដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ថាមពល បច្ចេកវិទ្យាគីមីសាស្ត្រ បរិក្ខាពេទ្យ និងឱសថ វាយនភណ្ឌ និងសិប្បកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាពិសេសជាងនេះទៀត រដ្ឋនេះគឺជាច្រកតភ្ជាប់មួយដ៏សំខាន់ពីឥណ្ឌាមកកាន់តំបន់អាស៊ាន។
កិច្ចប្រជុំ Global Investors Summit 2018 ជាឱកាសមួយដ៏ល្អក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិ និងសាសនាប្រកបដោយពិពិធភាព កាលានុវត្តភាពធ្វើធុរកិច្ច និងវិនិយោគទុន ក៏ដូចជាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ពិសេសជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា និងបណ្តាប្រទេសចូលរួមនានាទៀតផង សំដៅជំរុញកំណើនភ្ញៀវទេសចរបន្ថែម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នៅឆ្នាំ២០១៧ ភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាមានចំនួន ៥៩,៥៧១នាក់ កើនឡើង ២៩.១% ធៀបនឹងឆ្នាំ២០១៦៕