(សៀមរាប)៖ ក្រសួងទេសចរណ៍ បានសហការរៀបចំប្រឡងជ្រើសរើសសិក្ខាកាមចូលរៀន វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៥ និងសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៤ ដែលមានបេក្ខជនចូលរួមប្រឡងជាង៧០០នាក់។
ការប្រឡងនេះ បានរៀបចំឡើងនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (Southeast Asia) ខេត្តសៀមរាប ដែលជាសាកលវិទ្យាល័យទទួលបានការឯកភាពឲ្យរៀបចំការបណ្តុះបណ្តាលវគ្គមគ្គុទ្ទេសក៍ខាងលើ ពីក្រសួងទេសចរណ៍ សម្រាប់ភាសាឯកទេសចំនួន១១ភាសា រួមមាន៖ ភាសាចិន ជប៉ុន កូរ៉េ ថៃ វៀតណាម អង់គ្លេស បារំាង អ៊ីតាលី អេស្ប៉ាញ អាលឺម្លង់ និងអ៊ីតាលី។
សិក្ខាកាមដែលប្រឡងជាប់វិញ្ញាសាសរសេរនាពេលនេះ នឹងត្រូវអនុញ្ញាតឲ្យប្រឡងវិញ្ញាសាផ្ទាល់មាត់ភាសាឯកទេស ក្នុងដំណាក់កាលបន្ទាប់ ហើយបេក្ខជនប្រឡងជាប់វិញ្ញាសាទាំង២ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រយៈពេល៤ខែ នៅសាកលវិទ្យាល័យ និងចុះកម្មសិក្សារយៈពេល២ខែ តាមក្រុមហ៊ុនទេសចរណ៍នានា។
ការប្រឡងវិញ្ញាសាសរសេរខាងលើ បានមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ សមាគន៍ទេសចរណ៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់។
សូមរំលឹកផងដែរថាបច្ចុប្បន្នកម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង៥០០០នាក់ ហើយដើម្បីឆ្លើយតបនឹងកំណើនទេសចរប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍សរុបប្រមាណ១ម៉ឺននាក់។ បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ៦២ម៉ឺននាក់ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០២០ នឹងបង្កើតការងារផ្ទាល់ចំនួន១លាននាក់ ឆ្នាំ២០២៥ ប្រមាណ ១.២លាននាក់ និងឆ្នាំ២០៣០ ប្រមាណ១.៧លាននាក់៕