(ភ្នំពេញ)៖ រហូតដល់ម៉ោង១០៖០០ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល បានអនុម័តទាំងស្រុងដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រាហើយ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិច។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រានោះរួមមាន៖ មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី។

សូមបញ្ជាក់ថា នៅព្រឹកនេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តចំពោះសេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ សេចក្តីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ និងរបៀបវារៈមួយចំនួនទៀត។ កិច្ចប្រជុំនៅព្រឹកថ្ងៃនេះធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

របៀបវារៈដែលត្រូវពិភាក្សានោះរួមមាន៖

១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។

៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។

៥៖ បញ្ហាផ្សេងៗ៕