(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានសភាកម្ពុជា រៀបរាប់ប្រាប់ លោក ផនពេជ្រ វិចិតឆុលឆ័យ (Pornpetch Wichitcholchai) ប្រធាន​សភា​នីតិ​ប្បញ្ញត្តិថៃ អំពីឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុស​ធ្វើបដិវត្តន៍ពណ៌ របស់អតីតគណបក្ស​ប្រឆាំងនៅកម្ពុជា។ សម្តេចបានបញ្ជាក់ទៅកាន់ប្រធានសភាថៃថា ស្ថានភាពនយោបាយកម្ពុជាកាន់តែល្អប្រសើរ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។

ក្នុងជំនួបជាមួយលោក ផនពេជ្រ វិចិតឆុលឆ័យ នៅវិមានរដ្ឋសភាថៃ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ សម្តេច ហេង សំរិន បានពន្យល់លោកផនពេជ្រ វិចិតឆុលឆ័យ ឱ្យដឹងថា សភាពកា​រណ៍ន​យោបាយនៅ​កម្ពុជាបច្ចុប្បន្ន មានលក្ខណៈកាន់តែល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាល​កម្ពុជា បានទប់ស្កាត់​ទាន់​ពេលវេ​លានូវឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុស​ធ្វើបដិវត្តន៍ពណ៌​​របស់បក្ស​ប្រឆាំង ដោយ​មានការជួយជ្រោមជ្រែងពីខាងក្រៅ។

សម្តេចបានបន្ថែមទៀតថា កន្លងមកបក្ស​នេះ​តែងតែបំពាន ញុះញង់ បង្កឲ្យមាន​អស្ថិរភាព អសន្តិ​សុខ រំលោភបំពានច្បាប់ រដ្ឋធម្មនុញ្ញ ដែល​បង្ខំ​ឲ្យ​​តុលា​ការកំពូលចាត់ការតាមនីតិវិធីច្បាប់រំលាយ​គណបក្សនេះ និងហាមឃាត់សិទ្ធិធ្វើនយោបាយរយៈ​ពេល៥ឆ្នាំ ហើយប្រធានបក្សប្រឆាំង ត្រូវបានចាប់​ខ្លួន ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាបទ​ល្មើស​ក្បត់ជាតិ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ទៀតថា កម្ពុជាខិតខំរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រយៈពេលវែង ព្រមទាំងធ្វើកិច្ចសហការល្អជាមួយបណ្តាប្រទេស ក្នុងតំបន់ និងសកលលោក ដើម្បីធ្វើការអភិវឌ្ឍប្រទេស​ជាតិ ឲ្យកាន់តែថ្កុំថ្កើងឡើង។

លោក ផនពេជ្រ វិចិតឆុលឆ័យ បានបានទ្រចំពោះការលើកឡើងរបស់សម្តេច ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពន​យោបា​យ​​នៅក្នុងប្រទេស។ ប្រធានសភានីតិប្បញ្ញត្តិ របស់ប្រទេសថៃ បានមានប្រសាសន៍ថា ជាធម្មតា​​នៅក្នុង​សង្គម​ប្រជា​ធិបតេយ្យ គឺរដ្ឋាភិបាលមានកាតព្វកិច្ចថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមជូន​ពលរដ្ឋ​ និងប្រទេសជាតិ​៕