(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានក្រៅផ្លូវការ នៅសាធារណរដ្ឋសឹង្ហបុរី ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់ រដ្ឋមន្ដ្រីក្រសួងការពារសឹង្ហបុរី។
ក្រៅពីកិច្ចប្រជុំនេះ សម្ដេច ទៀ បាញ់ នឹងចូលរួមក្នុងពិពណ៌លំហរអាកាសសឹង្ហបុរី២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកុម្ភៈ៕