(ភ្នំពេញ)៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញថ្លែងថា នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ញឹក ប៊ុនឆៃ អតីតមានងារជាឧបនាយករដ្ឋមន្ត្រី និង ជាអតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានអនុរក្សពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី បញ្ជូនមកតុលាការដើម្បីសាកសួរបន្ថែមពាក់ព័ន្ធបទល្មើសគ្រឿងញៀនដ៏ធំនៅខេត្តកំពង់ស្ពឺ។ ខណៈនេះជនត្រូវចោទ ញឹក ប៊ុនឆៃ កំពុងស្ថិតក្រោមការសាកសួររបស់លោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
សេចក្ដីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា លោក ញឹក ប៊ុន ឆៃ អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ចំនួនពីរ បទល្មើសគឺបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងបទនាំចូលសារធាតុញៀនសម្រាប់ផ្សំគ្រឿងញៀនតាមមាត្រា២៩នៃ ក្រមព្រហ្មទណ្ឌ មាត្រា ៣៨.១ថ្មី ចំណុច ទី៤ និងមាត្រា ៣២.១ថ្មី ចំណុច ៤-ង នៃច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់ ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ។
ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរី ពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញិក ប៊ុនឆៃ ចតនៅទីនោះដែរ។
តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះគឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ ធ្វើជីដាំស្មៅឲ្យគោស៊ី៕