(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចំណាយពេល ១ថ្ងៃពេញរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៤-២០១៨ ឈានចូលអាណត្តិទី៧ ឆ្នាំ២០១៨-២០២២ បានបញ្ចប់ដោយជោគជ័យ ខណៈគ្រប់ភាគីពាក់ព័ន្ធសុទ្ធតែបានបង្ហាញពីឆន្ទៈរួបរួមគ្នា ដើម្បីអនុវត្តតាមគ្រប់ផែនការយុទ្ធសាស្ដ្រ ដែលបានដាក់ចេញដោយស្ថាប័នកីឡាកំពូលមួយនេះ ដើម្បីដំណើរបាញ់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ក្រោយបញ្ចប់មហាសន្និបាតខាងលើ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលទទួលបានការគាំទ្របន្ដជាប្រធាន NOCC បានថ្លែងថា នៅក្នុងអាណត្តិថ្មីនេះ NOCC បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាច្រើន តែយុទ្ធសាស្ដ្រដែលសំខាន់ គឺការកំណត់អំពីសន្ទស្សន៍ដណ្ដើមយកមេដាយក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដោយក្នុងចំណោមប្រភេទកីឡាស្ថិតក្នុងផែនការចំនួន ៣៤ប្រភេទ ត្រូវសម្រេចឲ្យបានក្នុងការដណ្ដើមមេដាយមាស ៩៦គ្រឿង។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា «អំបាញ់មិញមហាសន្និបាតបានឯកភាពក្នុងឆ្នាំ២០២៣ ត្រូវប្ដេជ្ញាចិត្តដណ្ដើមយកមេដាយមាសឲ្យបានយ៉ាងតិច ៩៦វិញ្ញាសា ដែលយើងនឹងសម្រេចឲ្យបានតាមផែនការ ចាប់តាំងពីស៊ីហ្គេម ឆ្នាំ២០១៩ និងឆ្នាំ២០២១ ទៅ។ ទាំងអស់គ្នាបានឯកភាពគ្នាថា សន្ទស្សន៍នេះ មិនមានមហិច្ឆតាធំទេ គឺយើងអាចធ្វើបាន បើសិនជាយើងសម្រេចបានមេដាយមាស៩៦គ្រឿងនេះ យើងអាចស្ថិតក្នុងលំដាប់ទី៥ ក្នុងចំណោមប្រទេសទាំង១១ ដែលទាំងនេះ គឺជាអ្វី ដែលយើងបានអនុម័ត»។
បន្ថែមលើសពីនេះ ថ្នាក់ដឹកនាំ NOCC និងគ្រប់តំណាងសហព័ន្ធកីឡាជាតិ បានជជែកគ្នាយ៉ាងល្អិតល្អន់ ជុំវិញបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធកីឡា និងបញ្ហាបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។ ក្រោយមានការលើកពីបញ្ហាទាំងនេះ NOCC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការប្ដេជ្ញាដោះស្រាយជាបន្ទាន់ ពិសេសគឺបញ្ហាបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេងតែម្ដង។
ប៉ុន្ដែដោយមានការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យកីឡា ចំពោះបញ្ហាខាងលើ នឹងមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍន៍របស់ NOCC នោះទេ។ តែយ៉ាងណាលោករដ្ឋមន្ដ្រី បានអំពាវនាវយ៉ាងទទូចដល់គ្រប់សហព័ន្ធ ត្រូវរួមគ្នាគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងដំណើរត្រៀមធ្វើម្ចាស់ផ្ទះ ពិសេសគឺរួមគ្នាអនុវត្ត ដើម្បីសម្រេចនូវក្ដីសុបិនឲ្យឈានដល់គោលដៅ ក្រោមពាក្យស្លោកមួយថា “Cambodia Go Go” ។ លោក ថោង ខុន បញ្ជាក់បន្ថែម ។
ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន ដែលទទួលបានការគាំទ្រធ្វើជាអគ្គលេខាធិការ NOCC បានបង្ហាញពីប្រភេទកីឡាយកប្រៀបក្នុងស៊ីហ្គេមមួយចំនួន ពិសេសកីឡាហែលទឹក និងកីឡាអត្តពលិកកម្ម ។ លោកថា ហែលទឹក និងអត្តពលកម្ម អាចរកបានមេដាយបានដល់ទៅជិត ១០០គ្រឿងឯណោះ ប្រសិនបើសម្រេចបានលើគ្រប់វិញ្ញាសា តែក្នុងផែនការស៊ីហ្គេម ឆ្នាំ២០២៣ NOCC បានកំណត់ឲ្យកីឡាទាំង ២ប្រភេទ ត្រូវដណ្ដើមឲ្យបានមេដាយមាសពី ៤ ទៅ ៥គ្រឿងប៉ុណ្ណោះ៕