(ភ្នំពេញ)៖ ឯកអគ្គរាជទូតអូស្រ្ដាលីសម្រាប់កិច្ចការស្រ្ដី និងកុមារី អ្នកស្រីបណ្ឌិត ហ្សាមែន ស្ដូន, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារីកម្ពុជា និងអ្នកស្រី អេនជេឡា ខនខឺរ៉េន ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ បានរួមគ្នាបើសម្ពោធផ្លូវការ ការបើកទទួលពាក្យអាហារូបករណ៍ សម្រាប់ការសិក្សានៅក្នុង ប្រទេសអូស្រ្ដាលីឆ្នាំ២០១៩។
អាហារូបករណ៍អូស្រ្ដាលី ជាអាហារូបករណ៍ ដែលមានកិត្យានុភាពលំដាប់អន្ដរជាតិ ផ្ដល់ដោយរដ្ឋាភិបាលអូស្រ្ដាលី។ អាហារូបករណ៍នេះ បានផ្ដល់ឱកាសដ៏ពិសេសសម្រាប់និស្សិតកម្ពុជា ក្នុងការសិក្សាថ្នាក់ក្រោយឧត្តមរួមមាន ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងបណ្ឌិតនៅសកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្ដាលី។
អាហារូបករណ៍នេះ បានផ្ដល់អទិភាពទៅដល់ស្រ្ដីច្រើនជាបុរស ព្រោះថា ដើម្បីធ្វើយ៉ាងណាឲ្យស្រ្ដីទទួលបានចំណេះដឹង មិនមានការរើសអើង និងអាចធ្វើការងារបានដូចជាបុរសដូច្នេះដែរ។
អ្នកស្រី ហ្សាមែន ស្ដូន បានឲ្យដឹងថា ការអប់រំ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកម្ពស់អំណាចសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំដល់ស្រ្ដី បច្ចុប្បន្ននេះ មួយភាគបីនៃចំនួនអាហារូបករណ៍អូស្រ្ដាលី បានផ្ដល់ជូនទៅស្រ្ដី តែយ៉ាងណាយើង នៅតែមានក្ដីប្រាថ្នាមួយទៀត គឺធ្វើយ៉ាងណាឲ្យស្រ្ដីទទួលបានអាហារូបករណ៍ រហូតដល់៥០ភាគរយ។
ចំណែកអ្នកស្រី អេនជេឡា ខនខឺរ៉េន បានឲ្យដឹងដែរថា អតីតនិស្សិតកម្ពុជាមកពីអូស្រ្ដាលីវិញ បានធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមាន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីត្រលប់មកវិញពួកគេ បានចូលរួមបម្រើការងារ ក្នុងមុខតំណែងខ្ពស់ៗ រួមមាន៖ រដ្ឋមន្រ្ដី, មន្រ្ដីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល, អ្នកដឹកនាំក្នុងវិស័យការងាររបស់ពួកគេ, អ្នកគ្រប់គ្រង, អគ្គនាយក និងជាអ្នកស្រាវជ្រាវជាដើម។
លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងឲ្យដឹងថា ស្រ្ដីគួរតែទទួលបានការអប់រំដ៏ល្អមួយ ការអប់រំដ៏ល្អនេះជាបច្ច័យមួយដ៏សំខាន់ សម្រាប់ការពង្រឹងដល់ស្រ្ដីនូវអំណាចសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំឲ្យកាន់តែប្រសើរ។
លោកស្រីបន្ដទៀតថា រហូតមកដល់បច្ចុប្បន្ន មានមួយភាគបីហើយ នៃចំនួនអាហារូបករណ៍អូស្រ្ដាលី ដែលបានផ្ដល់ទៅដល់ស្រ្ដី។ និស្សិតស្រ្ដីទាំងនេះ បានទៅសិក្សាលើមុខជំនាញជាច្រើនដូចជា ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ វារីវប្បកម្ម ធនាគារ វិស្វកម្ម ការសិក្សាផ្នែកអភីវឌ្ឍ៍ ផ្នែកគ្រប់គ្រងបរិស្ថាន ច្បាប់ និងរដ្ឋាបាលសាធារណៈជាដើម។
លោកស្រីបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការសិក្សានិស្សិតទាំងអស់ បានត្រលប់មកកម្ពុជាដោយពាំនាំនូវចំណេះដឹងជាច្រើន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យរបស់ខ្លួន ប្រទេសជាតិ៕