(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចជំនួបពិភាក្សាការងារទ្វេភាគី រវាងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ស្នើឲ្យឥណ្ឌា មកវិនិយោគផ្នែកវេជ្ជសាស្ដ្រនិងការអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការប្រើប្រាស់ប្រព័ន្ធព័ត៌មាន ក្នុងវិស័យសុខាភិបាលកម្ពុជា។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងក្នុងកិច្ចជំនួបពិភាក្សាការងារ ដែលធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា «កម្ពុជាស្វាគមន៍ជានិច្ច ចំពោះអ្នកវិនិយោគរបស់ប្រទេសឥណ្ឌា
ក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ រវាងប្រទេសទាំងពីរ កាន់តែស្អិទរមួតតទៅមុខបន្ថែមទៀត តាមគោលនយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើង»។
ជាការឆ្លើយតប លោកស្រី Manika Jain នឹងពិនិត្យមើលទៅការកិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរនេះ និងឲ្យអ្នកបច្ចេកទេសពិភាក្សាលើការងារនេះ ដើម្បីដឹងច្បាស់ថា នឹងអាចជួយអ្វីខ្លះ
ដល់វិស័យសុខាភិបាលកម្ពុជា ពិសេសក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអរគុណ និងជូនពរដល់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ឲ្យការបំពេញបេសកកម្មនៅកម្ពុជា ទទួលបានជោគជ័យផងដែរ ៕