(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ​ថា ចាប់ពីថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះតទៅអគ្គនាយកដ្ឋាពន្ធដារ និងសាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើ​បច្ចុប្បន្នភាព​ព័ត៌មានអចលនទ្រព្យ ដល់ទីតាំង​របស់ម្ចាស់អចលនទ្រព្យ ទាំងអស់ក្នុងរាជធានីភ្នំពេញ។

ការចុះផ្ដល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មាន​អចលនទ្រព្យនេះ ធ្វើឡើងដើម្បីស្រង់ស្ថិតិថតរូបទីតាំង និងសាកសួរព័ត៌មាន​មួយ​ចំនួនអំពីអចលនទ្រព្យ​ដូចជា អត្តសញ្ញាណម្ចាស់អចលនទ្រព្យ, អត្ដសញ្ញាណអចលនទ្រព្យ និងព័ត៌មាន​ចាំបាច់ផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់​ព័ត៌​មានអចលនទ្រព្យ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ។

ជាមួយគ្នានោះក្រុមការងារនឹងធ្វើការផ្សព្វផ្សាយ ពីបទប្បញ្ញាត្តិស្ដីពីពន្ធដារ ការផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មាន​អចលនទ្រព្យ ព្រមទាំង​សេវាពន្ធដារផ្សេងទៀតជូនម្ចាស់អចលនទ្រព្យគ្រប់ឲ្យបានកាន់តែល្អប្រសើរ។

ដើម្បីផ្ដល់ភាពងាយស្រួល និងចៀសវាងការចំណាយពេលវេលា អគ្គនាយកដ្ឋានពន្ធដារ​ ស្នើសូមម្ចាស់អចលនទ្រព្យទាំងអស់​មេត្តាត្រៀមលក្ខណៈ​ជាមុន និងរៀបចំចម្លងទុក នូវឯសារពាក់ព័ន្ធមួយចំនួន ជូនក្រុមការងារដូចជា៖
១៖ ករណីអចលទ្រព្យ បានចុះបញ្ជីពន្ធដាររួចរាល់ ត្រូវមាន៖
* បង្កាន់ដៃបង់ពន្ធលើអចលនទ្រព្យ
* ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាត់សម្រាប់បង់ពន្ធអចលនទ្រព្យ)
២៖ ករណីអចលនទ្រព្យ មិនទាន់ចុះបញ្ជីពន្ធដារ ត្រូវមាន៖
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិត​បញ្ជាក់លំនៅ
* ប័ណ្ណសម្គាលសិទ្ធិ ឬប័ណ្ណសម្គាលសិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់​ព័ន្ធ​នឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ សង្កាត់ឡើងទៅ។

សូមម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖