(មណ្ឌលគិរី)៖ រហូតមកដល់យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្រ្តីយោធាការពារព្រំដែន៣នាក់ និងមន្រ្តីនគរបាលការពារព្រំដែនម្នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈជនដៃដល់ជា នាយនគរបាលប៉ុស្តិ៍អូររលែ ឈ្មោះ ផល ពេញ បាននិងកំពុងរត់គេចខ្លួននៅក្នុងព្រៃនៅឡើយ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ដែលកំពុងដឹកនាំកម្លាំងចុះស្រាវជ្រាវករណីនេះ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច។
លោកឧត្តមសេនីយ៍ ហុង វិណុល បានថ្លែងបញ្ជាក់ថា គិតមកដល់ម៉ោងនេះ មានយោធា៣នាក់ (បូកទាំងចាប់ខ្លួនម្នាក់កាលពីយប់មិញ) និងមន្រ្តីនគរបាលនៅប៉ុស្តិ៍អូររលែម្នាក់ សរុប៤នាក់ ត្រូវបានឃាត់ខ្លួន ដែលពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់នេះ ហើយឈ្មោះ ផល ពេញ ដែលជាជនដៃដល់កម្លាំងរបស់យើងបាននិងកំពុងតាមយកទៀត។
បើតាមលោកឧត្តមសេនីយ៍ ហុង វិណុល ជនសង្ស័យទាំងនេះ មានការជាប់ពាក់ព័ន្ធករណីដែលអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងដីរបស់យើង ហើយនៅពេលនេះ បន្តសួរនាំ ព្រមទាំងបានសួរនាំសាក្សីមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ពេញមួយថ្ងៃនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ រូមមាន៖ នគរបាល អាវុធហត្ថ និងកម្លាំងយោធា ខេត្តមណ្ឌលគិរី សហការជាមួយគណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ សៅ សុខា បាននិងកំពុងបើកប្រតិបត្តិការដ៏ក្តៅគគុក តាមរុករក ដើម្បីចាប់ខ្លួននាយនគរបាលប៉ុស្តិ៍អូររលែឈ្មោះ ផល ពេញ ដែលបានសម្ងំលាក់ខ្លួន នៅក្នុងព្រៃដ៏ជ្រៅ និងក្រាស់ឃ្មឹក ដែលជាជនដៃដល់ នៃការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង។
កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ មន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ត្រូវបានចាប់ខ្លួនមុនគេ។
ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា, ឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ ព្រមទាំងជនពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ៕