(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាត់ទុកថា សេចក្តីថ្លែងការណ៍មួយដែលប្រើឈ្មោះ «គណបក្សសង្រ្គោះជាតិ» គឺជាសេចក្តីថ្លែងការណ៍របស់ខ្មោចតែប៉ុណ្ណោះ។

ការលើកឡើងរបស់ លោក ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយ ដោយប្រើឈ្មោះ និងរូបសញ្ញាអតីតគណបក្សសង្រ្គោះជាតិ បានថ្កោលទោសចំពោះសេចក្តីសម្រេចរ​បស់សាលាឧទ្ធរណ៍ ដែលមិនអនុញ្ញាតឱ្យ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅក្រៅឃុំបណ្តោះអាសន្ន។

លោក ខៀវ សុភ័គ បានលើកឡើងថា សេចក្តីថ្លែងការណ៍ដោយខុសច្បាប់នេះ មិនមានឥទ្ធិពលអ្វីនោះទេ ហើយគ្រាន់តែជាសេចក្តីថ្លែងការណ៍របស់ព្រលឹងខ្មោចប៉ុណ្ណោះ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោយតុលាការកាត់ទោសនេះ ក្រសួងមហាផ្ទៃ បានលុបឈ្មោះ គណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយ និងរុះរើស្លាកគណបក្សនេះទម្លាក់ចោល នៅទូទាំងប្រទេសផងដែរ៕