(មណ្ឌលគិរី)៖ ថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន១០លានរៀល រួមទាំងថវិកា១លានរៀលរបស់លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាជំនួយការផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកវេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទ​ក្រហមកម្ពុជា និងលោក ឡុង វិបុល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកផ្តល់ជូនគ្រួសារសពលោក តើន សុខណៃ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ដែលត្រូវជាស្វាមីលោកស្រី ទូច ណារ៉ាន់ នៅគេហដ្ឋានស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្នុងនាមក្រុមគ្រួសារសព បានថ្លែងនូវអំណរអរគុណយ៉ាងខ្លាំងចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានជួយក្រុមគ្រួសាររបស់ខ្លួននាពេលនេះ។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏បាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន៣លានរៀល អង្ករចំនួន១០០គីឡូក្រាម ទៅឧបត្ថម្ភជូនគ្រួសារសពទាំង៣ ដោយក្នុងមួយគ្រួសារចំនួន១លានរៀល រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ក្នុងការចាត់ចែងធ្វើបុណ្យទាន។

ជាងនេះទៅទៀតក៏មានថវិកា របស់ថ្នាក់ដឹកនាំកំពូល ត្រូវបានឧបត្ថម្ភជូនក្រុមគ្រួសារសព ជាហូរហែរផងដែរ ដែលកាយវិការទាំងនេះសបញ្ជាក់ពីទឹកចិត្តយកចិត្តទុកដាក់យ៉ាងពិតប្រាកដ មកលើប្រជារាស្រ្តទូទៅដែលរងគ្រោះក្នុងហេតុការផ្សេងៗ មិនប្រកាន់និន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា លោក តើន សុខណៃ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ ដែលត្រូវជនល្មើសជានាយនគរបាលប៉ុស្តិ៍អូររលែ ឈ្មោះ ផល ពេញ បានបាញ់សម្លាប់ចោលនៅក្នុងព្រៃ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕