(កណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកលើកដែក។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដល់ក្រុមការងារទាំងពីរស្រុកផងដែរ។
នាយឧត្តមសេនីយ៍ថ្លែងការកោតសរសើរ ចំពោះរបាយការណ៍ស្វាគមន៍ របស់អភិបាលស្រុកទាំងពីរ ដែលបានខិតខំយកចិត្តទុកដាក់ លើការងារមូលដ្ឋានកន្លងមក
បើទោះបី ជាលទ្ធផលនៃការបោះឆ្នោតកន្លងទៅ នៅស្រុកលើកដែកមានការបាត់បងអសនៈខ្លះក៏ដោយ តែផ្ទុយទៅវិញនៅស្រុកកណ្តាលស្ទឹង នៅតែរក្សាបានត្រាទាំង១៨ គឺមិនមានការបាត់បង់ឡើយ នេះគឺមកពីការខិតខំប្រឹងប្រែង របស់បងប្អូនក្រុមការងារទាំងអស់ ដែលបានខិតខំស្រុះដៃ សហការគ្នាលើការងារមូលដ្ឋានបានល្អ ទើបមានការជឿទុកចិត្តពីសំណាក់ ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនយើង។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ក៏បានលើកឡើងពីបញ្ហាគន្លឹះ សំខាន់ៗ ដែលជាកត្តានាំឲ្យស្រុកកណ្តាលស្ទឹង នៅរក្សាបានត្រាទាំងអស់មិនមានការបាត់បង់ ចែកជូនជាបទពិសោធន៍ដល់បងប្អូនក្រុមប្រឹក្សាស្រុក-ក្រុមប្រឹក្សាឃុំ ទូទាំងស្រុកលើកដែក ដើម្បី ជាបទពិសោធន៍ល្អៗ យកទៅអនុវត្តន៍នៅមូលដ្ឋានរបស់ខ្លួន ពិសេសជាងនេះទៅទៀតនោះគឺ ត្រូវខិតខំធ្វើអំពើល្អ ខិតខំបំរើប្រជាពលរដ្ឋអោយអស់ពីកម្លាំងកាយចិត្ត សំដៅយកជ័យជំនៈក្នុងការបោះឆ្នោតខាងមុខនេះ ឲ្យខានតែបាន។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ក្រុមការងារទាំងពីរស្រុក ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងសប្បាយរីករាយផងដែរ៕