(ភ្នំពេញ)៖ Franchise ល្បីនៅក្រៅប្រទេស មានវត្ដមានកាន់តែច្រើន នៅកម្ពុជា ខណៈអាជីវកម្មក្នុងស្រុកខ្មែរ បច្ចុប្បន្នកំពុងនិយមទិញសិទ្ធិធ្វើអាជីវកម្មពីក្រៅប្រទេស ដែលជួយឲ្យអាជីវកម្មនោះ ឆាប់ទទួលបានជោគជ័យ។

កញ្ញា ហេង លីនដា នាយកគ្រប់គ្រងទូទៅនៃហាងតែយីហោហិកា (Heekcaa) បានលើកឡើងថា ការសម្រេចចិត្តចាប់ផ្ដើមធ្វើអាជីវកម្ម ដែលទិញហ្វីនឆាយ(Franchise) ពីក្រៅប្រទេស មកបើកនៅកម្ពុជានេះ គឺដោយសារតែ ការធ្វើអាជីវកម្មបែបនេះ គឺងាយស្រួល និងភាគច្រើនឆាប់ទទួលបានជោគជ័យ ខណៈកញ្ញាមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើន កំពុងនិយមងាកមកទទួលទានផលិតផលយីហោល្បីៗ ដែលនាំចូលពីក្រៅប្រទេស។

លើកឡើងក្នុងពិធីសម្ពោធន៍ជាផ្លូវការ នៃហាងតែយីហោចិនហិកា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ កញ្ញាបន្តថា ការទិញសិទ្ធិធ្វើអាជីវកម្ម ឬហៅជាភាសាបរទេសថា Franchise នេះ គឺក្រុមហ៊ុនទិញផ្ទាល់ពីតំណាងម៉ាក ពីប្រទេសចិន ក្នុងទំហំទឹកប្រាក់មួយដោយផ្អែកតាមការចចារពីភាគីទាំងសងខាង។ ការទិញសិទ្ធិធ្វើអាជីវកម្ម ពីក្រៅប្រទេស បានផ្ដល់ផលចំណេញច្រើនសម្រាប់អាជីវកម្មថ្មីៗ ដោយសារអាចទទួលបាននូវគំរូអាជីវកម្មដែលជោគជ័យស្រាប់ មកបើកដំណើរការផ្ទាល់ខ្លួន។

សម្រាប់យីហោតែថ្មី ម៉ាកហិកាក្នុងទីផ្សារកម្ពុជានេះ កញ្ញារំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ពីអតិថិជនក្នុងស្រុក ដោយសារតែហិកានេះ ជាប្រភេទតែ ដែលផ្សំជាមួយឈីសដែលមានរស់ជាតិប្លែកពីតែផ្សេងៗទៀត ហើយមានផលល្អច្រើនដល់សុខភាព ។

គួរបញ្ជាក់ថា បច្ចុប្បន្នអាជីវកម្មបើកថ្មី ដែលទិញយីហោពីក្រៅប្រទេស មកបើកនៅក្នុងទីផ្សារកម្ពុជា ភាគច្រើនទទួលបានការគាំទ្រ និងជោគជ័យខ្លាំងហួសពីរំពឹងទុកផងដែរ៕