(តាកែវ)៖ ក្រុមកម្មកររោងចក្រ សេឌូណូ ខេមបូនីតធីង ដែលមានទីតាំងនៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលបានដួលសន្លប់ជាបន្តបន្ទាប់អស់រយៈពេល២ថ្ងៃ កន្លងមកនេះ ហើយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានអ្នកដួលសន្លប់ប្រមាណ១៨៩នាក់ទៀតនោះ ត្រូវបានលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចុះមកសួរសុខទុក្ខ និងបាននាំយកអំណោយរបស់ សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូនកម្មករ កម្មការីនី ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
នៅក្នុងឱកាសចុះសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មាការីនី លោក ឡាយ វណ្ណៈ បាននាំនូវការផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនកម្មករ ហើយបន្ទាប់ពីទទួលដំណឹងថា មានកម្មករដួលសន្លប់ សម្ដេចបានធ្វើការណែនាំឲ្យសាខាកាកបាទក្រហមខេត្តតាកែវ និងលោកត្រូវចុះមកចែកអំណោយ សួរសុខទុក្ខភ្លាមៗ ដល់បងប្អូនកម្មករទាំងអស់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើឲ្យក្រុមគ្រូពេទ្យ ត្រូវជួយថែទាំព្យបាលជំងឺជូនបងប្អូនកម្មករឲ្យជាសះស្បើយ ហើយបើមាន បងប្អូនកម្មករណាមានអាការៈរោគធ្ងន់ធ្ងរ ត្រូវតែបញ្ចូនទៅព្យាបាលបន្តទៅមន្ទីរពេទ្យខេត្ត ឬនៅរាជធានីភ្នំពេញឲ្យទាន់ពេលវេលាកុំ ឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយឡែកចំពោះកម្មកវិញ លោក ឡាយ វណ្ណៈ បានធ្វើការណែនាំឲ្យថែទាំសុខភាពបានជាសះស្បើយរួចរាល់ចាំចូលបម្រើការងារវិញ។
គួរបញ្ចាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមកម្មកររោងចក្រ សេឌូណូ ខេមបូនីតធីង ដែលមានទីតាំង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់ បណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋនៅក្បែរនោះ៕