(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យ Fresh News ដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា បានពិនិត្យឃើញមានមនុស្ស២០នាក់ ស្រី០៣ ជាជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
បើតាមលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង២០នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕