(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតគណៈប្រតិភូសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ដឹកនាំដោយ លោក Dato' Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី និងជាប្រធានសហករណ៍អាស៊ាន ចូលជួបសំណេះសំណាល និងពិភាក្សាការងារដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារពាណិជ្ជកម្ម វិនិយោគ ទីផ្សារការងារពលករកម្ពុជា និងការងារសហគមន៍ឥស្លាមកម្ពុជាក្រោម។
បន្ទាប់ពីចែករំលែកបទពិសោធន៍ដល់ភាគីម៉ាឡេស៊ី ស្តីពីឱកាសវិនិយោគនៅកម្ពុជា លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ដោយមានការសហប្រតិបត្តិការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើង។
លោក អូស្មាន ហាស្សាន់ បញ្ជាក់ទៀតថា ក្រោមឆត្រគណបក្សប្រជាជនកម្ពុជា ក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិកន្លងមក បានតែងតាំងមុខតំណែងជូនដល់ថ្នាក់ដឹកនាំឥស្លាមចំនួន៧០០ពាន់នាក់ ស្មើនឹង៤ភាគរយ នៃចំនួនប្រជាជន១៥លាននាក់ មានតំណែងជារដ្ឋមន្រ្តី២រូប ដែលជាការបង្ហាញពីការជឿ ទុកចិត្តដល់សហគមន៍ឥស្លាម ក្នុងការចូលរួមអភិវឌ្ឍន៍ សហគមន៍ និងប្រទេសជាតិពី សម្តេចតេជោ ហ៊ុន សែន ជាពិសេសបង្កើតឲ្យមានស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាដែលមាន លោកឧកញ៉ា សុះ កំរី ជាចាងហ្វាង ធ្វើឲ្យប្រមុខថ្នាក់ដឹកនាំ នាបណ្តាប្រទេសឥស្លាមនៅទូទាំងពិភពលោក ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី មានការអបអរសាទរ កោតសរសើរគោរពស្រលាញ់ពេញចិត្ត។
សូមបញ្ជាក់ថា ANGKASA ជាសហករណ៍ជាតិ ម៉ាឡេស៊ីដ៏ធំមួយបង្កើតឡើងឆ្នាំ១៩៦៦ មានដៃគូសហការណ៍ចំនួន១៣,៤២៨ និងសមាជិក៧,០៦៦,២២២លាននាក់ និងដើមទុន ១៣០,៧៤០.៦៨ លានរីង្ហិតម៉ាឡេស៊ី ដែលបានចូលរួមគ្នាមកពី គ្រប់មជ្ឈដ្ឋានការងាររកស៊ីនៅម៉ាឡេស៊ី៕