(ភ្នំពេញ)៖ ថៅកែផ្ទះសំណាក់មរត ស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ បានកំពុងប្រើអំណាចរំលោភយកដីថ្នល់សាធារណៈ ដើម្បីប្រកបរបធ្វើអាជីវកម្មរបស់ខ្លួន ដោយបើកដាក់ជួលចំណតយាមយប់ និងហាមមិនឲ្យអ្នកជិតខាងច តលើចំណែកម្ខាងនៃផ្លូវជិតផ្ទះ សំណាក់របស់ខ្លួនឡើយ។
បើយោងតាមអ្នកជិតខាងបានថ្លែងប្រាប់ឲ្យ Fresh News ដឹងថា ថៅកែរូបនោះ គឺជាអតីតមន្រ្តីយោធាមួយរូប លុះក្រោយមកក៏បានមកសាងសង់ផ្ទះសំណាក យីហោខាងលើនៅ។
ថៅកែរូបនេះ គឺតែងតែជេរថ្មិះតិះដៀល អ្នកជិតខាងណាដែលមកចត នៅជិតកន្លែងចំណតខ្លួននោះ មិនសំចៃមាត់ឡើយ ដោយសំអាងថា ផ្លូវថ្នល់នេះនៅអែបនឹងរបងផ្ទះសំណាក់របស់ខ្លួននេះ គឺជាចំណែកដីកម្មសិទ្ធីរបស់ខ្លួន។
លោក មករា ដែលបុគ្គលិកក្រុមហ៊ុនឯកជនមួយ ត្រូវបានលោកថៅកែរូបនេះជេរត្មិះតិះដៀល និងស្រែកគំហកខ្លាំងៗ កាលពីល្ងាចថ្ងៃពុធ ទី៣១ ខែមករាកន្លងទៅនេះ ដោយរូបគាត់បានចតឡាន នៅលើដីដែលលោកថៅកែររូបនោះអះអាងថា ជាដីទុកចតយកលុយ សម្រាប់អ្នកដែលចតពេលយប់។
លោក មករា និយាយថា «នៅថ្ងៃកើតហេតុនោះ ដោយសារផ្លូវនោះវាតូចចង្អៀត ហើយកន្លែងផ្សេងដែលទំនេរត្រូវបានគេចតអស់ ខ្ញុំក៏សម្រេចចតឡាន នៅអែបនឹងរបងផ្ទះសំណាក់របស់គាត់ ដើម្បីចូលទៅសួរសុខទុកម្តាយ។ តែប្រហែលជាជាងកន្លះម៉ោងក្រោយមក ស្រាប់តែមានបុរសម្នាក់មកហៅថា ឲ្យជួយយកឡានចេញ ខ្ញុំក៏ទៅយកឡានចេញ និងដោយខ្ញុំគ្រាន់តែនិយាយថា ទីនេះ គឺផ្លូវសាធារណៈហេតុអីខ្ញុំចតមិនបាន មេចក៏ម៉ូតូទុកទុកនោះចតបាន? និយាយមិនទាន់បានប៉ុន្មានផង ស្រាប់តែម្ចាស់ម៉ូតូនោះស្រែកហៅលោកថៅកែចិត្តសឿង នោះចេញមកស្រែកថា ឲ្យខ្ញុំទាំងកំរោលតែម្តងដោយសំណាងថា ដីនេះជាចំណែកដីរបស់ខ្លូន ទុកសំរាប់ជួលឲ្យអ្នកណាចង់ចតយប់ បើនៅចតទៀតនឹងយកអីទៅឆូតឡានឲ្យខ្ទេច»។
លោកបានបន្តទៀតថា «ចំណែកឯអ្នករត់ម៉ូតូរ៉ឺម៉កនោះ ចង់ហក់មកវ៉ៃខ្ញុំទៀត ខ្ញុំគ្រាន់តែសួរហេតុអីពូយកដីសាធារណៈធ្វើអាជីវកម្ម ព្រមទាំងដាក់ដែកហាលខោអាវជាអចិន្ត្រៃ?»។
ដោយមើលឃើញថា មានអ្នកផ្សេងៗចូលមកជួយស្រែក លោកថៅកែចិត្តឆៅរូបនោះ បន្តស្រែកថាឲ្យខ្លាំង និងចង់ផ្ទុះកំហឹងទៀតនោះ លោកមករា ក៏សម្រេចចិត្តដកខ្លួនថយ ដោយសារ គាត់គិតថាថៅកែ និងអ្នកដទៃទៀត ដែលចេញមកជួយថៅកែររូបនោះ គឺមិននិយាយរកខុសនិងត្រូវឡើយ។
Fresh News មិនអាចសុំការបំភ្លឺណាមួយពីថៅកែររូបនោះ នៅថ្ងៃព្រហស្បតិ៍នេះ អង្គភាពព័ត៌មានរង់ចាំការបំភ្លឺគ្រប់ពេល។
ជាមួយគ្នានេះ រំពឹងថា អាជ្ញាធរមានសមត្ថកិច្ច និងចុះទៅពិនិត្យទីតាំងដែលលោកថៅកែរូបនោះកំពុងរងការចោទប្រកាន់ថា បានបំពាន និងតែងតែជេរអ្នកជិតខាងមិនសំចៃមាត់៕