(ចិន)៖ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ភាគីចិនគ្រោងនឹងមកវិនិយោគគម្រោងផលិតថាមពលអគ្គិសនី ចេញពីការដុតសំរាមនៅក្នុងប្រទេសកម្ពុជា ខណៈចិនក៏អនុញ្ញាតិឲ្យកម្ពុជា បើកមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្រុងប៉េកាំង និងបានសន្យាផ្ដល់ទីតាំងសំរាប់ការបង្កើតមជ្ឈមណ្ឌលនេះថែមទៀតផង។
ក្រុមហ៊ុនចិន ដែលចង់មកវិនិយោគគម្រោងផលិតថាមពលអគ្គិសនី ចេញពីការដុតសំរាមនេះ គឺក្រុមហ៊ុន Zhongde Waste Technology (ZDWT) ដែលជាក្រុមហ៊ុននេះ កំពុងផលិតថាមពលចេញពីការដុតសំរាមនេះនៅប្រទេសចិន។
លោក Chen Zefeng ប្រធានក្រុមហ៊ុន Zhongde Waste Technology បានឲ្យដឹងថា ការវិនិយោគលើការផលិតអគ្គិសនីចេញពីការដុតសំរាមនេះ មានរយៈពេលជាង២០ឆ្នាំមកហើយ បច្ចុប្បន្នក្រុមហ៊ុនបានពង្រីករោងចក្រផលិតអគ្គិសនី ចេញពីការដុតសំរាម មានទាំងខ្នាតតូច និងធំ នៅតាមខេត្តជាច្រើននៅក្នុងប្រទេសចិន ព្រមទាំងមានដៃគូសហការជាមួយប្រទេសជាច្រើន ដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា អាមេរិក អាឡឺម៉ង់។ល។
លោកក៏បានជំរាបលោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មថា លោកមានបំណងទៅវិនិយោគគម្រោង ផលិតថាមពលអគ្គិសនីចេញពីការដុតសំរាមនេះ នៅប្រទេសកម្ពុជា និងយល់ព្រមឲ្យកម្ពុជា បើមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក្នុងទីក្រុងប៉េកាំង ដោយសន្យាផ្ដល់នៅទីតាំងសំរាប់ការបង្កើតមជ្ឈមណ្ឌលនេះ។
លោក ប៉ាន សូរស័ក្ដិ បានសំដែងការកោតសសើរជាខ្លាំង ចំពោះបច្ចេកវិទ្យាដ៏ទំនើបនេះ ដោយមិនត្រឹមតែជាមធ្យោបាយដ៏ល្អ ក្នុងការសំអាតសំរាម និងបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងជួយរួមចំណែកផ្គត់ផ្គង់បន្ថែម នូវថាមពលអគ្គិសនីផងដែរ។
លោករដ្ឋមន្រ្ដីក៏បានសន្យាថា នឹងជួយសម្របសម្រួល ជូនលោកប្រធានក្រុមហ៊ុនទៅពិភាក្សា និងសិក្សាគម្រោងនេះ ព្រមទាំងធ្វើការលម្អិតជាមួយក្រសួងបរិស្ថានកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ចំណែកការស្នើសុំការបើកមជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉េកាំង ការបើកមជ្ឈមណ្ឌលនេះ ពិតជាការរួមចំណែកមួយយ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយគោលនយោបាយវិនិយោគ ព័ត៌មាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងព័ត៌មានទាក់ទងទៅនឹងវិស័យផ្សេងៗទៀត ជូនប្រជាជនចិន និងអ្នកវិនិយោគចិន ដែលមានបំណងទៅទេសចរណ៍ ឬវិនិយោគនៅប្រទេសកម្ពុជា។
លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងស៊ីអាន និងទីក្រុងក្វាងចូវ ហើយនឹងបន្តបើកនៅតាមបណ្តាខេត្ត និងក្រុងមួយចំនួនទៀតនៅក្នុងប្រទេសចិន។ ចំពោះការសុំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង លោករដ្ឋមន្ត្រី បានឲ្យដឹងថា នឹងចាត់មន្ត្រីអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មកធ្វើការសិក្សាសិន មុននឹងធ្វើការសម្រេចជូនតាមក្រោយ៕