(ភ្នំពេញ)៖ លោក នូ វាសនា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល៣ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានចូលជាថវិការដ្ឋ និងតម្រូវឲ្យសងសំណងចិត្ត ទៅដើមបណ្ដឹង ៤ម៉ឺនដុល្លារ ពីបទ «បើកបរធ្វេសប្រហែស បណ្តាលឲ្យស្លាប់អ្នកដទៃ»។
បើតាមមន្ដ្រីតុលាការ ដែលបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការ ឲ្យដឹងនៅរសៀលនេះ ជនជាប់ចោទឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ បានប្រព្រឹត្តបទល្មើសខាងលើ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ហើយការចោទប្រកាន់នេះ យោងតាមមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដោយបានបើករថយន្តបុកមនុស្សស្លាប់៣នាក់ និងរងរបួសចំនួន៨នាក់ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន។
នៅក្នុងសវនាការ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទមិនអាចឆ្លើយបញ្ជាក់ ទៅនឹងសំនួររបស់តុលាការបានឡើយ ព្រោះជនជាប់ចោទ មានបញ្ហាខួរក្បាលធ្ងន់ធ្ងរ មិនអាចចងចាំអ្វីបានទាំងអស់ ក្រោយពីប្រជាពលរដ្ឋព្រួតគ្នាវាយឲ្យរបួសក្បាលពេលថ្ងៃកើតហេតុ។
នៅក្នុងសំណុំរឿងនេះ មានតែតំណាងជនរងគ្រោះ ដែលស្លាប់ទាំង៣នាក់ និងរបួសធ្ងន់ម្នាក់ប៉ុណ្ណោះ បានប្តឹងទាមទារសំណងជំងឺចិត្ត ក្នុងម្នាក់ៗចំនួន១ម៉ឺនដុល្លារ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ កន្លងទៅឈ្មោះ មាស សុខហេង មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើករថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2M-2245 បញ្ច្រាសទិស បុករះម៉ូតូ៧គ្រឿង បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ស្រាលចំនួន៨នាក់។
ជនរងគ្រោះ៣នាក់ ដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួមមានទី១៖ ឈ្មោះ វ៉ង សុខណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ, ទី២៖ ឈ្មោះ សេង អាន ភេទស្រី អាយុ២៥ឆ្នាំ និងទី៣ឈ្មោះ ណា ស្រីនីន ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕