Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! កងរាជអាវុធហត្ថខេត្តតាកែវ នឹងចុះត្រួតពិនិត្យស្លាកលេខរថយន្ត ខ.ម នៅក្នុងខេត្តចាប់ពីខែកុម្ភៈ នេះទៅ

01-02-2018 16:22

(តាកែវ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ក្នុងឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានលើកឡើងថា ខណៈពេលរថយន្តពាក់ ស្លាកលេខ ខ.ម កំពុងតែធ្វើចរាចរណ៍យ៉ាងព្រោងព្រាតពាសពេញខេត្ត, កងកម្លាំងរាជអាវុធហត្ថខេត្ត នឹងចាប់ផ្ដើចុះត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ខ.ម ក្នុងពេលឆាប់នេះ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានថ្លែងប្រាប់ភ្នាក់ងា Fresh News ឲ្យដឹងថា បច្ចុប្បន្នខេត្តតាកែវ មានរថយន្តពាក់ស្លាកលេខ ខ.ម ជាច្រើនគ្រឿងបានធ្វើចរាចរណ៍នៅតាមដងផ្លូវ។ ដូច្នោះបើយោងតាមការណែនាំរបស់សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានណែនាំឲ្យមន្រ្តីកងរាជអាវុធហត្ថ ត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ខ.ម នេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ និងចាប់ផ្ដើមចុះត្រួតពិនិត្យមើលរថយន្តពាក់ស្លាកលេខ ខ.ម ដោយត្រួតពិនិត្យមើលលិខឹតស្នាម ហើយបើមានរថយន្តណាមានលិខឹតស្នាមត្រឹមត្រូវ ក៏ប៉ុន្តែយកមកដឹកទំនិញខុសច្បាប់ក៏ត្រូវមានបញ្ហាដែរ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ ថា មន្រ្តីកងរាជអាវុធហត្ថ នឹងធ្វើកិច្ចការនេះដោយគ្មានការយោគយល់នោះទេ ហើយការងារចុះត្រួតពិនិត្យ រថយន្តពាក់ស្លាកលេខ ខ.ម នេះគឺយើងធ្វើជារបៀបចុះឆ្មក់ ដោយមិនដាក់ប៉ុស្តិ៍ត្រួតពិនិត្យដែលនាំឲ្យមានការរិះគន់ពី ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ឬរថយន្តតាស៊ី រថយន្តដឹកទំនិញថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យគៀបសង្កត់ យកលុយកាក់ខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានបញ្ជាក់ថា ហេតុដូច្នោះវិធានការណ៍ចុះឆ្មក់ដើម្បីត្រួតពិនិត្យរថយន្តពាក់ស្លាកលេខ ខ.ម ជាវិធានការណ៍ដែលមិនមានការរិះគន់ពីមហាជន៕