(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងអំពីការប្រកាសរំលាយរបស់គណបក្សសិទ្ធិមនុស្ស ដោយក្នុងនោះក្រសួងមហាផ្ទៃបានប្រកាសថា ការប្រកាសរំលាយរបស់គណបក្សសិទ្ធិមនុស្ស មិនទាន់អនុវត្តត្រឹមត្រូវនៅឡើយ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នារសៀលថ្ងៃនេះ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ «ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការរំលាយគណបក្សសិទ្ធិមនុស្សដូចមានចុះក្នុងយោងខាងលើ។ ផ្អែកតាមបទប្បញ្ញត្តិមាត្រា៣៣ នៃច្បាប់ស្តីពីគណបក្សនយោបាយ និងលក្ខន្តិកៈរបស់គណបក្សសិទ្ធិមនុស្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ សូមស្នើឲ្យគណបក្សសិទ្ធិមនុស្សអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការរំលាយគណបក្សសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវតាមប្រការ៥០(ថ្មី) កថាខណ្ឌទី២ នៃលក្ខន្តិកៈគណបក្សសិទ្ធិមនុស្ស ដែលបានចែងថា៖ «រួចដាក់ជូនសមាជ ដើម្បីសុំការអនុម័តតាមសម្លេងគាំទ្រភាគច្រើន ២/៣ នៃសមាជិកដែលមានសិទ្ធិសម្រេចរបស់អង្គសមាជទាំងមូល»។