(ភ្នំពេញ)៖ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ត្រូវបានលោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ និងជាសមាជិកគណៈកម្មាធិការកណ្តាល របស់គណបកស្ប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានថ្នាក់ដឹកនាំ ប្រធានក្រុមការងារ សមាជិក សមាជិកា ចុះជួយបក្សទូទាំងខណ្ឌឫស្សីកែវ ចំនួន៣៥០រូបចូលរួម។
បន្ទាប់ពីឡើងអានពីសេចក្តីសម្រេចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាការលើកទិសដៅអនុវត្តបន្ត នៃគោលនយោបាយបក្សរបស់ ប្រធានក្រុមប្រឹក្សាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ លោក អូស្មាន ហាស្សាន់ បានលើកឡើងពី សុទិដ្ឋិនិយមរបស់គណបក្សកាន់អំណាច ដែលបានធ្វើការសាមគ្គីគ្នាបានល្អ ហើយសម្រេចបាននូវសមិទ្ធផលជោគជ័យត្រចះត្រចង់ ជូនជាតិមាតុភូមិ មិនដូចជាមេដឹកនាំ និងសមាជិកបក្សប្រឆាំង ដែលបានបែកប្រេះឆាផ្ទៃក្នុងបក្ស ធ្វើអោយរលាយជាបន្តបន្ទាប់។
លោកបន្តថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានទម្លាប់ដ៏ល្អ ដែលមិនអាចបំភ្លេចបាន គឺបានធ្វើសកម្មភាពជាប្រចាំនៅតាមមូលដ្ឋាន ដោយបានបម្រើ ជួយកសាងសមិទ្ធផលជាច្រើន លើគ្រប់វិស័យជូនប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមការស្នើសុំរបស់ពលរដ្ឋ ដែលក្នុងនោះ តែងតែបានជួយជាអំណោយមនុស្សដល់ចាស់ជរា ក្មេងកំព្រា អ្នកមានជំងឺ អ្នកទើបសម្រាលកូនរួច និងគ្រួសារអ្នកមរណៈជាដើម។
បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ បាននាំការផ្តាំផ្ញើសារសំខាន់នានា ពីថ្នាក់ដឹកនាំកំពូលរបស់បក្ស ដើម្បីបន្តពង្រឹងភារកិច្ច និងតួនាទីរបស់ថ្នាក់ដឹកនាំ គណបក្សតាមមូលដ្ឋានទូទាំងខណ្ឌឬស្សីកែវ ជាពិសេសលោកបានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ សមាជិក ក្រុមការងារចុះជួយបក្សតាមភូមិ សង្កាត់ ទូទាំងខណ្ឌត្រូវធ្វើយ៉ាងណា ខិតខំស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ហើយខំប្រឹងផ្តោតសំខាន់ទៅលើ ការផ្តល់សេវាសាធារណៈ ឲ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ដោយមិនមានប្រកាន់និន្នការនយោបាយអ្វីឡើយ ដែលនេះជាគោលនយោបាយ ដ៏ត្រឹមត្រូវរបស់បក្ស ធ្វើយ៉ាងណាត្រូវបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដណ្តើមបានភាពជោគជ័យសម្រាប់គណបក្សប្រជាជនកម្ពុជា នាការបោះឆ្នោតអាណត្តិទី៦ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះហើយ។
កិច្ចប្រជុំផ្សព្វផ្សាយត្រូវបានបញ្ចប់ដោយជោគជ័យ ដោយនៅចុងបញ្ចប់ នៃកិច្ចប្រជុំ លោក អូស្មាន ហាស្សាន់ បានផ្ញើដល់ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយតាមសង្កាត់នានាទូទាំងខណ្ឌ ត្រូវបន្តអនុវត្តការផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញខាងលើ ធ្វើយ៉ាងឲ្យបានលឿនកាន់តែប្រសើរ គឺមុនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕