(កំពង់ធំ)៖ នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨នេះ រដ្ឋាបាលខេត្តកំពង់ធំ បានបើកកកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរបស់ខ្លួន សម្រាប់អាណត្តថ្មី ដែលមានរយៈពេល៥ឆ្នាំ ដឹកនាំដោយលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ។
លោក ឈុន ឈន់ បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីសមាសភាព តួនាទីភារកិច្ច របៀបរបបការងារ របស់គណៈកម្មាធិការបោះឆ្នោត និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ កិច្ចប្រជុំនេះយើងក៏ផ្សព្វផ្សាយ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងពិភាក្សាគ្នាអំពីកាលបរិច្ឆេទ នៃការប្រកាសជ្រើសរើសប្រធាន អនុប្រធានការិយាល័យខេត្ត។
លោក ឈុន ឈន់ បានបន្តថា ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាចដូចជា ទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនសម្រំាងវាយតម្លៃបណ្តឹង ដែលទទួលបាន បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍អំពីវិធានការដោះស្រាយ និងតាមដានការអនុវត្តវិធានការដោះស្រាយ ផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផល នៃការដោះស្រាយបណ្តឹង រៀបចំយន្តការចាំបាច់នានា ពាក់ព័ន្ធនឹងដំណើការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែន សមត្ថកិច្ចរបស់ខ្លួន រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍។
លើសពីនេះទៀត ការិយាល័យប្រជាពលរដ្ឋ មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងពាក់ព័ន្ធនឹងសេចក្តី សម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ឬប៉ះពាល់ប្រយោជន៍បុគ្គល និងសហគមន៍ ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សា បុគ្គលិកមន្ទីរ អង្គភាពជំនាញ និងភ្នាក់ងារទទួលសមត្ថកិច្ច ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងការផ្តល់សេវាធារណៈនានា។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ ចាប់ផ្តើមទទួលពាក្យបេក្ខជនប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២០ខែមីនា ឆ្នាំ២០១៨ កន្លែងដាក់ពាក្យ និងទទួលពាក្យនៅរដ្ឋបាលខេត្តកំពង់ធំ ការិយាល័យលេខាក្រុមប្រឹក្សាខេត្ត៕