(ហ្វីលីពីន)៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) បានចេញផ្សាយសៀវភៅមគ្គុទេសន៍ទីផ្សារសញ្ញាប័ណ្ណ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដំបូង សម្រាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។
ឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា «សៀវភៅមគ្គុទេសន៍ស្តីពីទីផ្សារសញ្ញាប័ណ្ណសម្រាប់អាស៊ាន+៣» សម្រាប់ប្រទេសនីមួយៗ បង្ហាញព័ត៌មានលម្អិតអំពីបរិយាកាសនៃការវិនិយោគ វិធានច្បាប់ ឱកាស និងលក្ខណៈសំខាន់ៗនៃទីផ្សារសញ្ញាប័ណ្ណ របស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំងពីរនេះ។
សៀវភៅមគ្គុទេសន៍នេះ គឺជាផ្នែកមួយនៃឯកសារបោះពុម្ពផ្សាយ ស្តីពីទីផ្សារសញ្ញាប័ណ្ណ ដែលប្រើរូបិយបណ្ណក្នុងស្រុកនៅអាស៊ី ក្នុងគោលបំណងជួយដល់អ្នកចេញសញ្ញាប័ណ្ណ អ្នកវិនិយោគ និងអន្តរការី ដែលមានគោលបំណងធ្វើធុរកិច្ចក្នុងទីផ្សារសញ្ញាប័ណ្ណ ឱ្យយល់ពីបរិបទតាមប្រទេសនីមួយៗ និងលើកទឹកចិត្តឱ្យមានការចូលរួមពីតួអង្គទាំងនេះក្នុងទីផ្សារសញ្ញាប័ណ្ណរបស់តំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយនេះ។
សៀវភៅមគ្គុទេសន៍ប្រភេទនេះ គឺមានរួចហើយសម្រាប់ប្រទេសប៊្រុយណេ ហុងកុង ចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ។ សៀវភៅមគ្គុទេសន៍នីមួយៗ ត្រូវបានរៀបចំឡើងដោយ មានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ ជាមួយអ្នកតាក់តែង គោលនយោបាយក្នុងប្រទេស និងអ្នកពាក់ព័ន្ធ នៅក្នុងទីផ្សារសញ្ញាប័ណ្ណ។
លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ទីផ្សារសញ្ញាប័ណ្ណក្នុងស្រុក ដែលមានភាពរឹងមាំ មានតួនាទីយ៉ាងសំខាន់ សម្រាប់ជម្រុញកំណើន និងការអភិវឌ្ឍរបស់ប្រទេស។ ទីផ្សារសញ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណាក់កាលទើបអភិវឌ្ឍនៅឡើយ ប៉ុន្តែទីផ្សារនៅក្នុងប្រទេសទាំងពីរនេះ កំពុងបន្តមានការវិវឌ្ឍបន្ថែមទៀត ដែលនឹងជួយគៀងគរហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធ ដែលកំពុងមានតម្រូវការខ្លាំង និងជួយធ្វើឱ្យធុរកិច្ចនានា អាចមានភាពធន់ទ្រាំទៅនឹងវិបត្តិហិរញ្ញវត្ថុជាសកល»។
បន្ទាប់ពីមានការដាក់ឱ្យអនុវត្ត នូវក្របខ័ណ្ឌគតិយុត្តថ្មីមួយ កាលពីខែ សីហា ឆ្នាំ២០១៧ ទីផ្សារសញ្ញាប័ណ្ណថ្មីនៅកម្ពុជា នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ។ ស្របពេលជាមួយគ្នា នៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ ទីផ្សារសញ្ញាប័ណ្ណសាជីវកម្មគ្រោងនឹងត្រូវបង្កើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានចេញផ្សាយសញ្ញាប័ណ្ណរបស់ខ្លួន កាលពីពេលថ្មីៗនេះ។
ទីផ្សារសញ្ញាប័ណ្ណនៅអាស៊ីបានពង្រីកខ្លួនយ៉ាងលឿន ក្នុងមួយរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយទីផ្សារសញ្ញាប័ណ្ណ នៅអាស៊ានបូកចិន និងសាធារណរដ្ឋកូរ៉េ បានកើនឡើងពី ២.៥ទ្រីលានដុល្លារក្នុងឆ្នាំ ២០០៥ ដល់ ១១.៦ ទ្រីលានដុល្លារ គិតត្រឹមចុងខែ កញ្ញា ឆ្នាំ ២០១៧។
ទីផ្សារបំណុលក្នុងស្រុកជួយឱ្យប្រព័ន្ធហិរញ្ញវត្ថុ ដែលគ្របដណ្តប់ភាគច្រើនដោយធនាគារ កាន់តែមានតុល្យភាពបន្ថែមទៀត កាត់បន្ថយការពឹងអាស្រ័យខ្លាំងពេកលើបំណុលពីបរទេស និងកៀងគរប្រាក់សន្សំនៅសល់ ក្នុងតំបន់នេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍ។
ទីផ្សារសញ្ញាប័ណ្ណទាំងនេះ ផ្តល់នូវជម្រើសវិនិយោគដ៏ទាក់ទាញ សម្រាប់ស្ថាប័នវិនិយោគដែលជាប់បំណុលរយៈពេលវែង ដូចជា មូលនិធិសោធននិវត្តន៍ និងក្រុមហ៊ុនធានារ៉ាប់រង ជាដើម ដែលមានគោលបំណងទាញប្រយោជន៍ពីអត្រាប្តូរប្រាក់ទាប ដើម្បីពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងទ្រង់ទ្រាយធំរបស់តំបន់នេះ ត្រូវការថវិកាប្រមាណជា ១.៧ ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០៣០៕