(កណ្តាល)៖ គ្រួសារក្រីក្រ និងចាស់ជរាដែលមានសុខភាពមិនល្អចំនួន២០គ្រួសារ រស់នៅក្នុងក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងប្រជាការពារឃុំ២០នាក់ ផងដែរ ត្រូវបានក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោក សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ចុះសួរសុខទុក្ខ រួចឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនផងដែរ។
ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណវត្តព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ដែលមានការចូលរួមពីលោក ញឹម វណ្ឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង និងមេឃុំ មេភូមិ និងប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ប្រជាការពារ២០នាក់ផងដែរ។
លោក សន វី បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងប្រជាការពារឃុំថា ទោះជាលោកមានការមមាញឹកយ៉ាងក៏ដោយ ក្នុងនាមលោកជាប្រតិរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ឃុំព្រែកគយផងដែរនោះ លោកក៏ដូចជា ក្រុមការងារ និងលោកអភិបាលស្រុកដែរ តែងតែចង់ដឹងពីសុខទុក្ខបងប្អូន ជាពិសេសនោះអ្នកមីង លោកពូ ជាមនុស្សចាស់ជរា និងមានជំងឺថែមទៀតនោះ។
ជាមួយគ្នានោះ លោកបានជំរុញឲ្យក្រុមការងារ លោកត្រូវខិតខំយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំព្រែកគយ ហើយលោកសូមក្រុមការងារជួយជម្រុញ ឲ្យមានក្រុមគ្រួពេទ្យស្ម័គ្គចិត្ត ចុះមកជួយព្យាបាលជូនបងប្អូនដោយឥតគិតថ្លៃ ហើយសូមឲ្យលោកមេភូមិ មេឃុំត្រូវពិនិត្យមើលបើមានបងប្អូន ពលរដ្ឋណាម្នាក់ជួបការលំបាកនោះ ត្រូវរាយការណ៍មកលោក ឬក៏ក្រុមការងារជាបន្ទាន់ ដើម្បីបានចុះមកជួយទាន់ពេលវេលា។
លោកបានបន្តថា ថ្ងៃនេះលោកបានជួបបងប្អូនកំពុងជួបការខ្វះខាត និងចាស់ជរាកំពុងមានជំងឺផងដែរចំនួន២០គ្រួសារ រួមនិងបងប្អូនជាប្រជាការពារឃុំចំនួន២០នាក់ផងដែរ ថ្ងៃក្រោយលោកនិងបន្តជួបបងប្អូន ប្រជាពលរដ្ឋផ្សេងៗទៀត។
លោកបានបន្តថា កម្លាំងប្រជាការពារឃុំ គឺជាកម្លាំងនៅមូលដ្ឋានប្រចាំជាប់ជាមួយប្រជាពលរដ្ឋតែម្តង ដូច្នេះ ប្រជាការពារឃុំគឺជាភ្នែកជាច្រមុះរបស់អាជ្ញាធរភូមិ ឃុំផងដែរ ហើយប្អូនត្រូវដឹងថា ការស្លៀកឯកសណ្ឋានមិនមែនស្លៀកឲ្យល្អមើលឬ ដើរកំឡាគេឯងនោះទេ ការពាក់ឯកសណ្ឋាននេះគឺជាសញ្ញាណមួយបញ្ជាក់ ពីសន្តិសុខ និងសុវត្ថិភាព ដូច្នេះបងប្អូនត្រូវ ខិតខំយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោកបានឧបត្ថម្ភដល់ចាស់ជរា២០គ្រួសារ ក្នុងមួយគ្រួសារអង្ក១បាវ មី១កេស ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ និងថវិកា៥០០០០រៀល និងបានឧបត្ថម្ភដល់ជាសម្លៀកបំពាក់ ដល់ប្រជាការពារឃុំ២០នាក់ ក្នុងម្នាក់សម្លៀកបំពាក់១កំប្លេ និងថវិកា៤០០០០រៀល៕