(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព ពេញលេញហើយ ដូច្នេះសូមប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណានាំគ្នាចូលរួមរក្សាសន្តិភាពនេះ ឲ្យបានស្ថិតស្ថិរគង់វង្សយូរអង្វែង ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើន ក្នុងដំណាក់កាលសកលភាវូបនីយកម្មរបស់ពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងឱកាសរបស់សម្ដេចអញ្ជើញធ្វើជាអធិបតីភាព ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៤-២០១៨ ឈានចូលអាណត្តិថ្មី ឆ្នាំ២០១៨-២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា «ជាក់ស្តែងកន្លងមកនេះ មានក្រុមមួយក្តាបតូចមានមហិចតាចង់នាំបដិវត្តន៍ពណ៌ មកសាយភាយ សាបព្រោះនៅកម្ពុជា តែត្រូវបានរាំងស្កាត់រហូតដល់ចាត់ បានវិធានការណ៍តាមផ្លូវច្បាប់យ៉ាងពេញលេញបំផុតទៅលើជនទាំងនោះវិញភ្លាមៗ។ ប៉ុន្តែពេលនេះ ប្រជាជនកម្ពុជា ឱកាសល្អសម្រាប់ដោយបាននាំមកនូវសន្តិភាព ដ៏ពេញលេញ សម្រាប់ជាតិ ដើម្បីពង្រឹងសន្តិភាពដ៏ខ្លាំងក្លារបស់កម្ពុជា ឲ្យកាន់តែមានគុណតម្លៃដ៏ធំធេងសម្រាប់ជាតិសាសន៍យើងខ្លាំងណាស់»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថាយ៉ាងដូច្នេះថា «ក្នុងពេលបច្ចុប្បន្ននេះ មិនមែនមានតែជាតិកម្ពុជាមួយនោះទេ ដែលទាមទារ រកសុខសន្តិភាព សម្បីតែជាតិសាសន៍ផ្សេងៗទៀត នៅលើពិភពលោកតែងតែស្រែករកសន្តិភាពដូចគ្នា ប៉ុន្តែនៅតែមិនទទួលបានលទ្ធផលល្អ ដូចកម្ពុជានោះទេ។ ដូច្នេះហើយកម្ពុជា មានសុខសន្តិភាពពេញលេញ យើងត្រូវតែខិតខំប្រឹងប្រែរក្សាសន្តិភាព ដែលស្វែងរកបានដោយលំបាកនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស នេះជាបញ្ហាស្នូលដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាទាំងមូលផងដែរ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា មានតែសន្តិភាពទេ ទើបធ្វើប្រទេសមានជាតិការអភិវឌ្ឍ ជួបជុំក្រុមគ្រួសារ សាច់ញាតិ តួយ៉ាងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ គឺត្រូវការចាំបាច់ណាស់សុខសន្តិភាពដ៏រឹងមាំ ដើម្បីធ្វើកិច្ចការអ្វីមួយទទួលបានភាពជោគជ័យ ជានិរន្ត៕