(មណ្ឌលគិរី)៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ រូមមាន៖ នគរបាល អាវុធហត្ថ និងកម្លាំងយោធា ខេត្តមណ្ឌលគិរី សហការជាមួយគណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ រហូតមកដល់រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននិងកំពុងបើកប្រតិបត្តិការដ៏ក្តៅគគុក តាមរុករក ដើម្បីចាប់ខ្លួននាយនគរបាលប៉ុស្តិ៍អូររលែឈ្មោះ ផល ពេញ ដែលបានសម្ងំលាក់ខ្លួន នៅក្នុងព្រៃដ៏ជ្រៅ និងក្រាស់ឃ្មឹក ដែលជាជនដៃដល់ នៃការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង។
លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលផែនព្រហ្មទណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅមុននេះបន្តិចថា «នៅពេលនេះសមត្ថកិច្ចជាច្រើននាក់ ត្រូវបែងចែកជាក្រុមៗ បាននិងកំពុងចុះទៅក្នុងព្រៃ ដើម្បីតាមស្វែងរកជនដៃដល់រូបនេះ ដែលបានរត់គេចខ្លួន និងកំពុងលាក់ខ្លួននៅក្នុងព្រៃ»។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ផងដែរថា សម្រាប់លទ្ធផល នៃការស្រាវជ្រាវរបស់គណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិនោះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ខណៈកំពុងតែធ្វើការស្រាវជ្រាវនៅក្នុងព្រៃនៅឡើយ។
ការតាមចាប់ខ្លួនជនដៃដល់រូបនេះ បានកើតឡើង ក្រោយជនពាក់ព័ន្ធដែលជាមន្រ្តីយោធាឈ្មោះ កើត វេហា ត្រូវបានចាប់ខ្លួនកាលពីយប់មិញ។
ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)៕