(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះចែក បណ្ណព្យាបាលជំងឺមិនគិតថ្លៃ ជូនដល់ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ និងក្រុមប្រឹក្សាឃុំ ចំនួន៤៤១រូបទៀត នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានសេចក្តីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការចុះចែកបណ្ណព្យាបាលជំងឺដោយមិនគិតថ្លៃសម្រាប់មន្រ្តីភូមិ/ឃុំនេះ ត្រូវបានដឹកនាំដោយ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស និងជាតំណាងរបស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លី សុភាលីន អភិបាលស្រុកពញាក្រែក។
កម្មពិធីនេះ ត្រូវបានរៀបចំឡើង ក្រោយពីទទួលបានទិន្នន័យចុះបញ្ជិកាប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការជំរុញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើបញ្ហាសុខភាពដល់ថ្នាក់ដឹកនាំឃុំ-សង្កាត់ នៅទូទាំងប្រទេស ប្រមាណជាង៤៣,០០០នាក់ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល។
លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យ ប.ស.ស បានឲ្យដឹងថា ដោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ អាចទៅទទួលការពិនិត្យ និងព្យាលបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយឥតបង់ថ្លៃ។ ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីសម្រាប់ស្ត្រីនៅពេលសម្រាលកូន រួមមាន៖
*សម្រាលបានកូនម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល
*សម្រាលបានកូនភ្លោះ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៨០ម៉ឺនរៀល
*សម្រាលបានកូនភ្លោះ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន១លាន ២០ម៉ឺនរៀល ហើយគួរត្រេកអរបំផុតនោះ កូនភ្លោះ៣ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន៥លានរៀល៕