(ភ្នំពេញ)៖ ថ្លែងដោយសម្ដីធ្ងន់និងខ្លាំងៗ បុរសខ្លាំងតេជោ សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមយ៉ាងឆ្អែតឆ្អន់តាំងពីកុមារភាព ហើយបានរំដោះប្រទេសកម្ពុជា ឲ្យមានសន្ដិភាពរហូតដល់សព្វថ្ងៃនេះបានព្រមានមិនឲ្យមានអប្បគមន៍ណាមួយកើតឡើងនៅក្នុងទឹកដីកម្ពុជាសាជាថ្មីឡើយ។ សម្ដេចតេជោបានថ្លែងថា ប្រសិនបើកើតមានអប្បគមន៍ ឬចលនាខុសច្បាប់ណាមួយហើយនោះ ទោះបីប្រើកាំភ្លើងធុនធ្ងន់ប្រភេទ BM21 ក៏ត្រូវតែប្រើដែរ ដើម្បីកម្ទេចពួកទាំងអស់នោះ មិនឲ្យមាននៅលើប្រទេសកម្ពុជាឡើយ។
ការថ្លែងព្រមានធ្ងន់ៗនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតជាង២ពាន់នាក់ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អារឿងការស្រែកឡូឡាអីប៉ុន្មានថ្ងៃនេះ សូមកុំសង្ឃឹមខ្ញុំគ្រាន់តែប្រាប់ទៅអ្នកឯង គួរតែកុំបង្ខំឲ្យវៃដេកគោល ទៅលើក្ដារមឈូសរបស់អ្នកឯងថែមទៀត កុំសង្ឃឹមឲ្យសោះបើនៅដៃតុលាការវាជារឿងមួយ តែបើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវៃចូលទៅកន្លែងណុងដែរ មិនអាចឲ្យប្រទេសនេះមានអប្បគមន៍សារជាថ្មីទេ សុំទោស ប្រាប់ឲ្យហើយ [...] ចលនាអីក៏ដោយអញ្ជើញចុះ អញ្ជើញមក ហើយមកខ្លួនឯងគឺល្អបំផុត»។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ លោក សម រង្ស៉ី បានប្រកាសជាផ្លូវការ នៃការបង្កើតចលនាសង្រ្គោះជាតិ នៅក្រៅប្រទេស ដែលចលនានេះ ត្រូវបានលោកអះអាងថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែង លោក កឹម សុខា និងទាមទារឱ្យគណបក្សសង្រ្គោះជាតិ ដែលតុលាការរំលាយនោះអាចចូលរួមក្នុងការ បោះឆ្នោតឡើងវិញ។ ក្នុងពិធីប្រកាសជាផ្លូវការនូវចលនានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យមានចលនាសង្រ្គោះជាតិ នៅក្នុងជួរកងទ័ព និងនៅក្នុងគណបក្សប្រជាជនកម្ពុជា។
ក្រៅពីការព្រមានសម្ដេចតេជោ ហ៊ុន សែន ហើយនោះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ បានព្រមានកម្ទេចចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយបុគ្គល សម រង្ស៊ី ប្រសិនបើកើតមាននៅកម្ពុជា។ ស្របពេលជាមួយគ្នានេះ ក្រសួងមានសមត្ថកិច្ច ក៏ព្រមានកម្ចាត់ចលនានេះផងដែរ បើសិនជាកើតមាននៅកម្ពុជា៕