(ចិន)៖ ដើម្បីពង្រឹងទៅលើវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ភាគីចិនគ្រោងនឹងសាងសង់មន្ទីរពេទ្យព្យាបាល ជំងឺមហារីកលំដាប់ស្ដង់ដារកម្រិតខ្ពស់មួយ និងបង្កើតវិទ្យាស្ថានវេជ្ជសាស្រ្ដ នៅកម្ពុជា។
ការបញ្ជាក់របស់ភាគីចិននេះ ធ្វើឡើងក្នុងដំណើរទស្សនៈកិច្ចរបស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្នុងមន្ទីរពេទ្យ Yi Zhou Proton Therapy Center នៅទីក្រុង Zhuozhou នៃខេត្តហឺបី ប្រទេសចិន ដែលជាមន្ទីរពេទ្យព្យាបាលជំងឺមហារីកដ៏ធំ និងទំនើបក្នុងប្រទេសចិន។
លោក ប៉ាន សូរស័ក្ដិ បានសំដែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគនេះ ព្រោះការបង្កើត បាននូវមន្ទីរពេទ្យលំដាប់ស្តង់ដាខ្ពស់ នឹងជួយផ្ដល់ការងារក្នុងស្រុកនិងជាមូលដ្ឋានដ៏សំខាន់ក្នុងការថែរក្សាសុខភាពប្រជាជន។
លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងទៀតថា បើគម្រោងសាងសង់មន្ទីរពេទ្យនេះ សម្រេចបានជោគជ័យ វានឹងក្លាយជាមន្ទីរពេទ្យដែលបម្រើសេវា មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា មន្ទីរពេទ្យ Yi Zhou Proton Therapy Center ជាមន្ទីរពេទ្យព្យាបាលជំងឺមហារីកដ៏ធំ និងទំនើបមួយក្នុងប្រទេសចិន ដែលត្រូវបានវិនិយោគ លើផ្ទៃដីប្រមាណ៩០ហិកតា អស់ទុនចំនួន ៦.២ពាន់លានយន់ (ប្រមាណ ១ពាន់លានដុល្លាអាមេរិក) និងមានបុគ្គលិក គ្រូពេទ្យប្រមាណ៣,០០០នាក់ បំពេញការងារ ដោយមានបំពាក់ឧបករណ៍ និងបរិក្ខារទំនើបបំផុត។
ក្នុងបរិវេណមន្ទីរពេទ្យនេះ មានអាគារព្យាបាលជម្ងឺទូទៅ ជម្ងឺមហារីក ព្យាបាលតាមបែបគីមី តាមបែបកោសិកា តាមបែបវិទ្យាសាស្ត្រចិន និងតាមបែបបស្ចិមប្រទេស ព្រមទាំងមានអាគារស្នាក់នៅសម្រាប់បុគ្គលិក គ្រូពេទ្យ មន្ទីរពិសោធន៍ សាលប្រជុំ ភោជនីយដ្ឋាន និងកន្លែងហាត់កីឡា៕