(ភ្នំពេញ)៖ កងពលតូចលេខ៧០ សហការជាមួយភាគីជប៉ុន និងនគរបាលចរាចរណ៍ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់យោធិន ក្រោមប្រធានបទ «គ្មានយោធិនរបួស ពិការ ឬស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍» ដោយមាននាយទាហាន ពលទាហាន ជិត៥០០នាក់ចូលរួម។
យុទ្ធនាការចុះអប់រំចរាចរណ៍នេះ មានការចូលរួមពីវរសេនីយ៍ទោ យ៉ុង ខេមរា នាយករងសេនាធិការ និងជានាយកការិយាល័យទី៥ នៃកងពលតូចលេខ៧០, លោក គីយូស៊ី ម៉ាសៃ ប្រធានអង្គការស័្មគ្រចិត្ដ JPR, លោកឧត្ដមសេនីយ៍ត្រី ខែម និន នាយករងសេនាធិកា ទទួលការងារផែនយោធា ដែលរៀបចំធ្វើឡើងនៅក្នុងបញ្ជាការដ្ឋានកងពលតូចថ្មើជើងលេខ៧០។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន វរសេនីយ៍ទោ យ៉ុង ខេមរា បានឲ្យដឹងថា ការចុះអប់រំដល់ នាយទាហាន ពលទាហាន ក្នុងកងពលតូចលេខ៧០នេះ គឺដើម្បីឲ្យពួកគេយល់កាន់តែច្បាស់បន្ថែមទៀត ទាក់ទងនឹងច្បាប់ចរាចរណ៍ ហើយក៏ដើម្បីពញាក់ស្មារតីរបស់ពួកគេ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ទាក់ទងនឹងបញ្ហាចរាចរណ៍នេះ។
កញ្ញាវរសេនីយ៍ទោ យ៉ុង ខេមរា បានបន្តថា ពិធីចុះអប់រំនេះ នឹងធ្វើជាបន្តបន្ទាប់ នៅក្នុងកងពលតូចលេខ៧០ ហើយជាងនេះទៅទៀត កងពលតូចលេខ៧០ ក៏មានក្រុមសង្រ្គោះបន្ទាន់ ជួយដល់បងប្អូន ប្រជាពលរដ្ឋ មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែរ ដោយពុំគិតថវិកាអ្វីនោះឡើយ។
កញ្ញាវរសេនីយ៍ទោ យ៉ុង ខេមរា បានបញ្ជាក់ថា «បើក្រុមការងាររបស់កងពល មានយកថវិកាពីប្រជាពលរដ្ឋនោះ កងពលនឹងចាត់វិធានការដល់ពួកគេផងដែរ»។
សូមរំលឹកផងដែរថា គ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៧ កើតឡើង៣,៥៣១ករណី បើធៀបនឹងឆ្នាំ២០១៦ ធ្លាក់ចុះ១៦៩ករណី ដោយបានឆក់យកជីវិតមនុស្ស១,៧៨០នាក់ កើនឡើង៦៣នាក់ និងអ្នករបួសចំនួន៥,៥៣៩នាក់ ធ្លាក់ចុះ១,០៦៨នាក់ បើធៀបនឹងឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ ក្រុមគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភាគីពាក់ព័ន្ធដទៃទៀត បានកំពុងរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចណ៍ ឲ្យស្ថិតនៅកម្រិតទាបបំផុតផងដែរ៕