(ឈៀងម៉ៃ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មកពីប្រទេសដែលជាសមាជិកមហាអនុតំបន់ទន្លេមេគង្គ (GMS) រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុម័តលើរបៀបវារៈបរិស្ថាន រយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ៥៤០លានដុល្លារអាមេរិក សម្រាប់គម្រោងអាទិភាពមួយចំនួន ដើម្បីជំរុញឱ្យមានការវិនិយោគបៃតង និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ដែលជួយឱ្យតំបន់នេះ សម្រេចនូវកំណើនប្រកបដោយចីរភាព។
រដ្ឋមន្ត្រីទាំង៦ប្រទេស បានអនុម័តលើក្របខណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃ «កម្មវិធីបរិស្ថានស្នូល (CEP) ២០១៨-២០២២» ក្នុងកំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃមហាអនុតំបន់ទន្លេមេគង្គលើកទី៥ ដែលរៀបចំធ្វើឡើង ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ នៅទីក្រុងឈៀងម៉ៃ។
កម្មវិធីនេះ ត្រូវបានប្រកាសចាប់ផ្តើម អនុវត្តន៍ក្នុងឆ្នាំ២០០៦ និងគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី ហើយក៏កំពុងចាប់ផ្តើមដំណាក់កាលទី៣ របស់ខ្លួនផងដែរ ព្រមទាំងបានជួយរំដោះប្រជាពលរដ្ឋជាង ៣០,០០០ នាក់ពីភាពក្រីក្រ នៅតំបន់ជនបទ ក្នុងមហាអនុតំបន់រួចហើយ។
លោក Surasak Karnjanarat រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេសថៃ មានថ្លែងថា «កម្មវិធី CEP នេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការកសាងការជឿទុកចិត្ត និងការយោគយល់គ្នា រវាងបណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ ក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យបរិស្ថាន ហើយយើងនឹងធ្វើការងាររួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់អនុតំបន់នេះ ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានា ដែលកើតមានក្នុងវិស័យបរិស្ថាន។ កិច្ចប្រជុំនេះ ផ្តល់ឱ្យយើងនូវកាលានុវត្តភាព ដើម្បីបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលដែលសម្រេចបានកន្លងមក ព្រមទាំងចែករំលែកចំណេះដឹង និងធ្វើការពិភាក្សាអំពីនិន្នាការ ទិសដៅ និងបញ្ហាថ្មីៗ ដែលកំពុងកើតឡើងក្នុងវិស័យបរិស្ថាន»។
ក្រៅពីការវិនិយោគក្នុងទឹកប្រាក់៥៤០លានដុល្លារអាមេរិក ដែលផ្តោតលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងសំណល់ ការត្រួតពិនិត្យការបំពុលបរិស្ថាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់ទៅនឹងអាកាសធាតុ យុទ្ធសាស្ត្ររយៈពេល៥ ឆ្នាំនេះ ក៏នឹងត្រួសត្រាយផ្លូវបង្កើតនូវកម្មវិធីរៀបចំគម្រោងថ្មីមួយ ដើម្បីជួយប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ស្វែងរកធនធានថវិកា ដើម្បីបំពេញកង្វះថវិកាសម្រាប់ការវិនិយោគ លើការអភិវឌ្ឍបៃតង ជាពិសេស តាមរយៈការរៀបចំគម្រោង និងការផ្តល់ហិរញ្ញប្បទានដល់គម្រោង។
វេទិកាបច្ចេកវិទ្យាបៃតង ក៏នឹងត្រូវបង្កើតឡើងផងដែរ ដើម្បីបំពេញតួនាទី ទីផ្សារសម្រាប់ភ្ជាប់ទំនាក់ទំនង អ្នកផ្តល់សេវាបច្ចេកវិទ្យាជាមួយនឹងអ្នកប្រើប្រាស់បច្ចេកវិទ្យា ដែលផ្តោតលើបច្ចេកវិទ្យាគ្រប់គ្រងសំណល់ ថាមពលក៏កើតឡើងវិញ ប្រសិទ្ធភាពថាមពល ភាពធន់ទៅនឹងអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ល។
កម្មវិធី CEP បានរៃអង្គាសទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក ផ្តល់ហិរញ្ញប្បទានបន្ថែម ដែលក្នុងនោះ ៩៨ លានដុល្លារអាមេរិក សម្រាប់ការអភិរក្សជីវចម្រុះ បានបង្កើតនូវច្រករបៀងជីវចម្រុះលើផ្ទៃដីទំហំ២.៦លានហិចតា ក្នុងតំបន់ទេសភាពឆ្លងដែនចំនួន ៧ និងបានបណ្តុះបណ្តាលដល់អ្នកពាក់ព័ន្ធជាង ១៩,០០០ នាក់ ក្នុងវគ្គបណ្តុះបណ្តាល និងបង្កើនចំណេះដឹងជាង ៥០០ លើក។
លោក Ramesh Subramaniam អគ្គនាយក នៃនាយកដ្ឋានអាស៊ីអាគ្នេហ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថាថា «ចាប់តាំងពីឆ្នាំ២០០៦ មក កម្មវិធី CEP បានពង្រឹងខ្លួនជាគំនិតផ្តួចផ្តើមផ្នែកបរិស្ថានដ៏សំខាន់ជាងគេមួយ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ។ យើងនឹងបន្តអនុវត្តសកម្មភាពសំខាន់ៗ ដែលត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំនេះ ដើម្បីជួយសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបបរិយាប័ន្ន និងចីរភាព នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ»៕