(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រតិកម្មចំពោះការបង្ហាញពីក្ដីព្រួយបារម្ភ ចំពោះវត្តមានវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីថា ​ការហូរចូលនូវវិនិយោគិនចិន ដោយសារតែកម្ពុជា មិនទាន់ឆ្លើយតបចំពោះការវិវឌ្ឍរបស់ប្រទេស ដែលតម្រូវឲ្យកម្ពុជាត្រូវពេលវេលាបន្ថែមទៀត ដើម្បីបំពេញនូវកង្វះខាតមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «​​ទាំងអស់គ្នាបានដឹងហើយ បានឃើញហើយ ក្នុងរយៈចុងក្រោយនេះបែរជានាំគ្នាភ័យព្រួយថា វត្តមាននៃអ្នកវិនិយោគគិនចិន ធ្វើឲ្យមានកង្វល់ ប៉ុន្ដែខ្ញុំចង់សួរថ ​នៅក្នុងពេលដែលមានការវិនិយោគដល់សន្ធឹកសន្ធាប់យ៉ាងដូច្នេះ ធនធានមនុស្សរបស់យើងគ្រាប់គ្រាន់ ដើម្បីដោះស្រាយឲ្យគេហើយ​ឬនៅ ដោយសារដោះស្រាយមិនគ្រាប់ហ្នឹងហើយបានត្រូវមានវត្តមានរបស់គេចូលមក»

ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញ ​ចែ​កសញ្ញាបត្រដល់និស្សិតជាង២ពាន់នាក់ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅព្រឹកមិញនេះ។

បន្ថែមពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានលើកជាឧទា​ហរណ៍ថា តើនៅពេលធ្វើស្ពានអ្នកលឿងត្រូវការវត្តមានអ្នកបច្ចេកទេសខ្មែរ ឬអ្នកបច្ចេកទេសជប៉ុន​ ពិតណាស់អ្នកបច្ចេកទេសខ្មែរ ត្រូវការក្នុងផ្នែកណាមួយ តែចំណុចគន្លឹះរបស់វាត្រូវការអ្នកបច្ចេកទេសរបស់ជប៉ុន ព្រោះធនធានមនុស្សកម្ពុជានៅមានកម្រិតនៅឡើយ។​

សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអគារខ្ពស់ៗណាស់ ឥឡូវនេះ​មិនមែន១០ជាន់ ២០ជាន់ទៀតទេ ហើយគម្រោងខាងមុខមានកម្ពស់​៦០០ម៉ែត្រ ស្នើនឹងប្រមាណ១៣៣ជាន់ ដូច្នេះហើយ​កម្ពុជានឹងបំពេញនូវតម្រូវការនេះ​នៅពេលខាងមុខ​ ប៉ុន្ដែវាទាមទារនៅពេលវេលា ហើយទាមទារនូវការខិតខំ ដើម្បីការបណ្ដុះបណ្ដាលធនធានមនុស្សមួយ ឆ្លើយតបទៅនឹងតម្រូវការនៅការអភិវឌ្ឍន៍ប្រទេស៕