(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងឆ្នាំ២០១៨នេះ មិត្ដចិននឹងប្រគល់គ្លីនិកចល័តចំនួន៤០គ្រឿង មកដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកលើកម្ពស់សុខភាពប្រជាជនកម្ពុជា។
រដ្ឋមន្ដ្រី ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្ដគម្រោងជំនួយគ្លីនិកចល័ត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីសី្ដការក្រសួងថា ការផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននេះ គឺមានបំពាក់សម្ភារ ឧបករណ៍ បរិក្ខារពេទ្យទំនើបជាច្រើនគ្រឿង ដែលអាចបំពេញភារកិច្ចជាមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ដែលមានដូចជា ផ្នែកជំងឺកុមារ ជំងឺទូទៅ ផ្នែកវះកាត់ សម្ភព និងរោគស្រ្ដី ផ្នែកត្រចៀក ច្រមុះ បំពង់ករ ផ្នែកទន្ដសាស្ដ្រ ផ្នែករូបភាព និងមន្ទីរពិសោធន៍ផងដែរ។
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បន្ដទៀតថា «ការផ្ដល់ជំនួយរបស់មិត្ដចិននេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់មន្ទីរពេទ្យយើង និងប្រជាជនក្រីក្រ នៅតាមទីដាច់ស្រយាល តាមសហគមន៍ រួមទាំងកម្មករ-កម្មការិនី ដែលគាត់នឹងមិនពិបាកធ្វើដំណើរមកមន្ទីរពេទ្យ ដែរនៅឆ្ងាយពីពួកគាត់ទេ គឺមានគ្លីនិកចល័ត នឹងអាចព្យាបាលជូនពួកគាត់គ្រប់ពេលវេលា យ៉ាងរហ័សទាន់ចិត្ដ និងមានប្រសិទ្ធិភាពខ្ពស់ ដោយឥតគិតថ្លៃ»។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែងទៀតថា «តាមរយៈកិច្ចសហប្រតិបត្ដិការ ក្នុងភាពជាដៃគូ យុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងគំនិតផ្ដួចផ្ដើម ខ្សែរក្រវ៉ាត់មួយ ផ្លូវមួយ រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសង្ឃឹមថា ប្រជាជន និងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលសមិទ្ធផលទាំងនេះ បានកើតឡើងពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ដដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា និងប្រធានាធិបតីនៃសាធារណប្រជាមានិតចិន»។
ទន្ទឹមនឹងនោះលោក លី អាន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជានិចចិន ប្រចាំកម្ពុជា បានថ្លែងថា «កម្ពុជា ជាមិត្ដដ៏ល្អរបស់ចិន ហើយយើងនឹងជួយប្រជាជនកម្ពុជាបន្ដទៀត តាមរយៈជំនួយផ្សេងៗទៀត»។
ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះមិត្ដចិន ដែលតែងតែផ្ដល់ការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ហើយនេះជាគម្រោងថ្មីមួយទៀតបន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យចំនួនពីរ នៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យនៅខេត្ដត្បូងឃ្មុំ និងជំនួយជាច្រើនផ្សេងទៀតកន្លងមកនេះ។
កិច្ចព្រមព្រៀងអនុវត្ដគម្រោង ដែលបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលមិត្ដចិន នឹងផ្ដល់ជូននូវគ្លីនិកចល័តចំនួន៤០គ្រឿង ដែល២០គ្រឿងដំបូងនឹងមកដល់កម្ពុជានៅដំណាច់ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ហើយ២០គ្រឿងបន្ទាប់នឹងមកដល់នាដំណាច់ខែតុលា ខាងមុខនេះ៕