(ភ្នំពេញ)៖ ថ្លែងដោយមិនចំពោះប្រទេសណាមួយឡើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានថា ប្រសិនបើប្រទេសណាមួយបិទ មិនឲ្យកម្ពុជានាំចូលទំនិញ ផ្ទុយពិកិច្ចព្រងព្រៀងអង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះ កម្ពុជាក៏បិទមិនឲ្យទំនិញរបស់ប្រទេសនោះចូលកម្ពុជាដូចគ្នា ព្រោះកម្ពុជាក៏ជាប្រទេសដែលកម្លាំងទិញធំផងដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ​ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វីពាណិជ្ជកម្មនាំចេញនាំចូល គឺផ្តល់សារប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយកម្ពុជានាំចូលទៅប្រទេសគេ គឺត្រូវបានបង់ពន្ធ ដែលប្រទេសនោះបានទទួលផលប្រយោជន៍ ពីការនាំចេញរបស់កម្ពុជាផងដែរ ដូចគ្នានេះកម្ពុជាក៏ទទួលបានផលប្រយោជន៍ពីការនាំចូលរបស់ប្រទេសគេវិញដែរ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «សេដ្ឋកិច្ចបើកជំហរ ក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អ្នកឯងធ្វើខុសក្រឹត្យក្រមនេះម៉េចបាន ហើយយើងសព្វថ្ងៃនេះ​នាំចូលទៅគេ យើងបង់ពន្ធគេក៏ទទួលផលប្រយោជន៍ ពីការនាំចេញរបស់យើងដូចគ្នាដែរ ហើយយើងក៏ទទួលផលប្រយោជន៍ ពីការនាំចូលររបស់​គេដែរ។ យើងក៏ជាប្រជាជាតិមួយ ដែលមានកំលាំងទិញមិនតូចនោះទេ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់មូលហេតុ ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជា ជាមួយប្រទេសមួយចំនួនគ្មានតុល្យភាព ដោយសម្តេចបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជាមិនទាន់លទ្ធភាពផលិតនូវទំនិញ ដូច្នេះហើយកម្ពុជាត្រូវពឹងផ្អែកការនាំចូល ប៉ុន្តែទៅជាយ៉ាងណាកម្ពុជា កំពុងតែអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយ ដើម្បីធ្វើឲ្យការនាំចេលទំនិញកាន់តែរួមតូច ហើយការនាំចេញទំនិញរបស់កម្ពុជាកាន់តែត្រូវបានរីកធំធាត់ឡើង៕