(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង១:៤០នាទី រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជនត្រូវចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលសម្រេចរំលាយចោល ត្រូវបានសមត្ថកិច្ច និងមន្រ្តីអនុរក្សពន្ធនាគារនាំខ្លួនទៅដល់ពន្ធនាគារត្រពាំងផ្លូវវិញ ដោយសុវត្ថិភាព ក្រោមការយាមកាមយ៉ាងតឹងរឹងរបស់សមត្ថកិច្ច។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងជនត្រូវចោទ កឹម សុខា លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានបញ្ចប់ ដោយសាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល។
លោកមេធាវី ជូង ជូងី ថ្លែងថា សភាស៊ើបសួរសាលាឧទ្ធរណ៍ មិនព្រមដោះលែងលោក កឹម សុខា ទេ ពោលគឺបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល។ រង់ចាំតុលាការបន្តនីតិវិធី។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍នៅម៉ោងជាង៥៖០០នាទី ព្រឹកព្រលឹមថ្ងៃទី០១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។
សវនាការលើសំណុំរឿងលោក កឹម សុខា នេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងលោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕