(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ជាថ្មីអំពីមូលហេតុ ដែលនាំឱ្យរាជរដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែល គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃស្អែក។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅពេលនេះគឺដោយសារតែ កម្ពុជាមិនចង់ទទួលរងនូវពាក្យរិះគន់តទៅទៀតថា គណៈរដ្ឋមន្រ្តីខ្មែរមានសមាសភាពច្រើន ប្រៀបដូចជារាជរដ្ឋាភិបាល «ក្បាលធំខ្លួនតូច»។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល ចង់ឱ្យមានការរៀបចំតែងតាំងមន្រ្តីថ្នាក់ រដ្ឋលេខាធិការ ត្រឹមព្រះរាជក្រឹត្យប៉ុណ្ណោះ មិនចាំបាច់មានការបោះឆ្នោតសុំសេចក្តីទុកចិត្តពីរដ្ឋសភាទេ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទេពកោសល្យវិស្វកម្ម និងប្រគល់សញ្ញាបត្រជូនដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្អែកនេះ គណៈរដ្ឋមន្រ្តី នឹងធ្វើការប្រជុំ ដើម្បីត្រៀមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងត្រៀមធ្វើវិសោធនកម្ម ដែលបំពេញបន្ថែម នៅក្នុងក្រមព្រហ្មទណ្ឌអំពីការប្រមាថព្រះមហាក្សត្រ ប៉ុន្តែខ្ញុំគ្រាន់តែនិយាយថា ហេតុអ្វីបានជាយើង ត្រូវកែរដ្ឋធម្មនុញ្ញ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា «គេចេះតែឆ្ងល់ថា គណៈរដ្ឋមន្រ្តីរបស់កម្ពុជាម៉េចក៏ច្រើនម្ល៉េះ ការពិតគណៈរដ្ឋមន្រ្តីរបស់កម្ពុជាមិនច្រើនទេ ប៉ុន្តែរដ្ឋធម្មនុញ្ញរបស់យើង បានតម្រូវឱ្យវាច្រើនចឹង ដោយយើងដាក់ថាគណៈរដ្ឋមន្រ្តីរួមមាន នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការ អញ្ចឹងរដ្ឋលេខាធិការនេះ គឺឋានៈគឺដូចទៅនឹងអនុរដ្ឋមន្រ្តីអញ្ចឹង មិនគួរត្រូវបានបោះឆ្នោតចេញពីសភាទេ ដែលធ្វើឱ្យគណៈរដ្ឋមន្រ្តីក្បាលធំ ទុកឱ្យការតែងតាំងរដ្ឋលេខាធិការដោយព្រះរាជក្រឹត្យបានហើយ»។
សម្តេចបានបន្តថា «អញ្ចឹងទុកភារកិច្ចតែងតាំងនេះ ឱ្យនាយករដ្ឋមន្រ្តីស្នើថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងបានហើយ»។
សូមបញ្ជាក់ថា គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តចំពោះសេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ សេចក្តីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ និងរបៀបវារៈមួយចំនួនទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល របៀបវារៈ ដែលត្រូវពិភាក្សានោះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
៥៖ បញ្ហាផ្សេងៗ៕