(កំពត)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមបើកសន្និបាត បូកសរុប លទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត របស់បេឡាជាតិអតីតយុទ្ធជន នៅខេត្តកំពត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នៅក្នុងឱកាសបើកនោះ លោក វង សូត បានលើកឡើងថា ឆ្លងតាមរបាយការណ៍ នៃលទ្ធផលការងារឆ្នាំ២០១៧ ពិនិត្យឃើញថា បេឡាជាតិអតីតយុទ្ធជន បានខិតខំអនុវត្តតាមគោលការណ៍ ណែនាំរបស់ក្រសួងអាណាព្យាបាលទាំងពីរបានល្អប្រសើរ និងបានដោះស្រាយ បញ្ហាប្រឈមនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍របស់ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន បានឲ្យដឹងថា ស្ថិតិសរុបរបស់អតីតយុទ្ធជន ដែលកំពុង ទទួលរបបសន្តិសុខសង្គមក្នុងខែធ្នូ ឆ្នាំ២០១៧ មានចំនួន ៨៦,៥១៧ នាក់ដែលក្នុងនោះរួមមាន អតីតយោធាចំនួន៦៨,០០២នាក់ នគរបាលចំនួន ១៣,៩៦៧ នាក់ មន្រ្តីរាជការស៊ីវិលចំនួន ១៥០នាក់ និងពលករ/សេនាជនចំនួន ៤,៣៩៨នាក់។
លោក រឿន រិទ្ធីរ័ត្ន បានបន្តថា បេឡាជាតិអតីតយុទ្ធជន បាននឹងកំពុងដើរតួនាទីគ្រប់គ្រងទិន្នន័យអតីតយុទ្ធជន តាមប្រព័ន្ធព័ត៌មានវិទ្យា និងធានា ដល់ការផ្តល់សេវាលើរបបសន្តិសុខសង្គមជូនដល់បងប្អូនអតីតយុទ្ធជននៅទូទាំង ២៥ រាជធានី ខេត្ត តាមប្រព័ន្ធធនាគារដៃគូរ ដែលប្រើប្រាស់ថវិកាជាតិប្រមាណជាង ៨០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ តាមគោលការណ៍អភិបាលកិច្ចល្អ តម្លារភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ក៏ត្រូវបានបើក ផ្តល់ជូនគ្រួសារ នៃសពអតីតយុទ្ធជនដែលទទួលមរណភាពដល់លំនៅដ្ឋាន។
ជាមួយគ្នានោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖
១៖ ត្រូវខិតខំជំរុញការដំឡើងប្រាក់សោធន ជូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា ស្របតាមស្មារតីនៃអង្គប្រជុំអន្តរក្រសួង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
២៖ បង្កើនកិច្ចសហការជាមួយមន្ទីរ និងដៃគូពាក់ព័ន្ធ ដើម្បីលើក កម្ពស់ការផ្តល់សេវាជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ឱ្យកាន់តែល្អប្រសើរឡើង។
៣៖ ត្រូវពិនិត្យយន្តការរបស់ក្រសួង ដើម្បីឱ្យដំណើរការមានសង្គតិភាពទៅនឹងផែនការ និងទិសដៅរបស់ក្រសួង។
៤៖ បេឡាជាតិអតីតយុទ្ធជន ត្រូវត្រៀមលក្ខណៈគ្រប់គ្រងឱ្យបានល្អ នូវកញ្ចប់ថវិការបស់អតីតយុទ្ធជន ដែលត្រៀមផ្ទេរពីមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត នៅពេលខាងមុខនេះ។
ផ្តើមចេញពីអនុសាសន៍ខាងលើ លោក វង សូត ក៏បានស្នើឱ្យសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវលើកឡើង នូវបញ្ហាប្រឈម នានា និងទស្សនវិស័យវែងឆ្ងាយ ដើម្បីមានមូលដ្ឋានជាគន្លឹះក្នុងការដោះស្រាយ ក៏ដូចជាក្នុងទិសដៅ ជំរុញការងារបេឡាជាតិអតីតយុទ្ធជន បន្តធានានិរន្តភាព ក្នុងការផ្តល់សេវា ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ចំពោះការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាឆ្នាំកន្លងទៅ មានអតីតយុទ្ធជន និងគ្រួសារកំពុងគ្រប់គ្រងឆ្នាំ២០១៧ ចំនួន ៤៦២៨នាក់ ក្នុងនោះ មានបន្ទុក៨២៨៣នាក់, អតីតុទ្ធជន និងគ្រួសារដែលបានធ្វើបច្ចុប្បន្នភាពរួច សរុបចំនួន៤៥២៦នាក់, អតីតយុទ្ធជន និងគ្រួសារ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពរួចសរុប ១០២នាក់, អតីតយុទ្ធជនដែលទទួលស្គាល់ថ្មី និងផ្ទេរចូលពីខេត្តក្រៅក្នុងឆ្នាំ២០១៧ សរុបចំនួន ១៥៦នាក់ ក្នុងនោះ មានបន្ទុកចំនួន២៨០នាក់។ ចំណែកការលុបអតីតយុទ្ធជន និងគ្រួសារក្នុងឆ្នាំ២០១៧នាក់ មានបន្ទុកចំនួន១៤២៤នាក់ ប្រាក់បូជាសព និងឧបត្ថម្ភមួយលើក និងប្រាក់ធានារ៉ាប់រងសង្គមក្នុងឆ្នាំ២០១៧ មានជនពិការចំណួន៣០នាក់ និងនិវត្តន៍ជនចំនួន៣២នាក់ ការងារគ្រប់គ្រងសមាគមអតីតយុទ្ធជនកម្ពុជា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា សរុបចំនួន៤១៦៨នាក់ និងបានប្រគល់រទេះរុញ ជូនបងប្អូនជនពិការចំនួន២៥គ្រឿង ដែលជាអំពោយរបស់ អង្គការក្មេងកំព្រា មនុស្សចាស់ជរា និងជនពិការ៕